ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារ​ ដល់តំបន់អាស៊ី និង ប៉ាស៊ីហ្វិក

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារ​ពី​ធន​ធានរបស់ខ្លួនក្នុងឆ្នាំ ២០២២ ដើម្បីជួយតំបន់អាស៊ី និង ប៉ាស៊ីហ្វិក បន្តងើបឡើង​វិញ​ពី​ជំងឺរាតត្បាត កូវីដ១៩ ទោះបីជាមានលេចឡើងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថ្មីៗ​យ៉ាងណាក្តី។ នេះ​​បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។

លោក Masatsugu Asakawa ប្រធាន ADB មានប្រសាសន៍ថា៖«ការគាំទ្ររបស់​យើង​ក្នុងឆ្នាំ ២០២២ បានជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) របស់យើងដើម្បីចៀស​ចេញពីផលប៉ះពាល់ភ្លាមៗនៃវិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេស​ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង»។ លោកបានបញ្ជាក់ថា​ ទឹកប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារ រួមមានប្រាក់កម្ចី និងការ​ធានា ប្រាក់ជំនួយ ការវិនិយោគ ទុន និង ជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និង វិស័យឯកជន។ ADB បានប្រមូលថវិកាបន្ថែម ១១,៤ ពាន់លានដុល្លារជា សហហិរញ្ញ​ប្ប​ទាន។ជាមួយគ្នានេះ ADB បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន ៦,៧ ពាន់លានដុល្លារ​សម្រាប់​ការកាត់​បន្ថយផលប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ដែល​ជាវឌ្ឍនភាពឆ្ពោះ​ទៅ​រកមហិច្ឆតារបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ ពាន់លាន​ដុល្លារ ក្នុងកំឡុងឆ្នាំ ២០១៩-២០៣០។

ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកាន់តែធ្ងន់ធ្ងរក្នុងតំបន់ ADB បានផ្តល់​ប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀងចំនួន ១៤ ពាន់លាន​ដុល្លារ​របស់ខ្លួន ដោយផ្តល់ជំនួយ ស្បៀង អាហារសំខាន់ៗសម្រាប់ប្រជាជន​ដែលត្រូវការ​ជំនួយបំផុត និង ពង្រឹងប្រព័ន្ធផលិតកម្មស្បៀង។ ទន្ទឹមនេះ ដើម្បីគាំទ្រដល់ការងើប​ឡើង​វិញនៃសេដ្ឋកិច្ច ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់កំណែទម្រង់ ស្ថាប័ន ពង្រឹងការផ្តល់​សេវាសាធារណៈ និងកំណើនក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ការសម្រេចផ្តល់ ហិរញ្ញប្ប​ទាន ចំនួន ៣,៩ ពាន់លានដុល្លាររបស់ ADB ដល់វិស័យឯកជន រួមមានការគាំទ្រ​សន្ធនីយ​ភាព មូលដ្ឋាន ដល់សហគ្រាសដែលកំពុងប្រឈមនឹងបរិយាកាសធុរកិច្ចដ៏លំបាក។

បើតាមរបាយការណ៍បានឱ្យដឹងថា ADB បានធ្វើការវិនិយោគយ៉ាងទូលំទូលាយ​លើ​ហេដ្ឋារ​ចនាសម្ព័ន្ធប្រកបដោយ គុណភាព ក៏ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យ​សង្គម​ផ្សេងទៀត ដែលរួមចំណែកដល់ការកសាង ភាពធន់ទូទៅនៃសេដ្ឋកិច្ច។ ចំពោះ ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាអាទិភាពក្នុងការងាររបស់ ADB ដោយ ៩៧​ភាគរយ នៃប្រតិបត្តិការរបស់ADBក្នុងឆ្នាំ ២០២២ បានចូលរួមចំណែកក្នុងផ្នែកនេះ។ ប្រតិ​បត្តិ​ការទាំងនោះរួមមានការផ្តួច ផ្តើមគំនិតដើម្បីកែលម្អលទ្ធភាពទទួលបានការងារប្រកប​ដោយគុណភាពរបស់ស្ត្រី ជំរុញភាពជាសហគ្រិន របស់ស្ត្រី និង កសាងភាពធន់របស់ស្ត្រី​ទៅនឹងការប្រែប្រួលអាកាសធាតុ។

របាយការណ៍ប្រចាំឆ្នាំ ២០២២ ផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល ADB កំពុងវិវឌ្ឍន៍ ដើម្បីឆ្លើយ តបនឹងតម្រូវការដែលប្រែប្រួល និង ស្មុគស្មាញ នៃប្រទេសសមាជិក​កំពុង​អភិវឌ្ឍន៍​របស់ខ្លួន។ ទាំងនោះរួមបញ្ចូលវិធានការដើម្បីទទួលបានធនធានកាន់តែច្រើន ដើម្បី​គាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការត្រួតពិនិត្យជាបន្ត នៃក្របខ័ណ្ឌភាព​គ្រប់​គ្រាន់នៃដើមទុន ក៏ដូចជាកំណែទម្រង់ស្ថាប័ន ជារចនាសម្ព័ន្ធនិងមិនមែនរចនាសម្ព័ន្ធ របស់​​ADB ដោយប្រើគំរូប្រតិបត្តិការថ្មី។

លោក Asakawa បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថា កំណែទម្រង់​ទាំងនេះ​នឹង​ធា​នាថា ADB ផ្តល់នូវផលជះកាន់តែខ្លាំងនៅក្នុងតំបន់ រួមទាំងតាមរយៈការពង្រីកការ​ផ្តល់​ហិរញ្ញប្បទានអាកាសធាតុ ការកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើននិងការ​ផ្តល់​​នូវដំណោះស្រាយអភិវឌ្ឍន៍ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​អតិថិ​ជន»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា