ប្រទេសអ៊ីរ៉ង់និយាយថា កងទ័ពជើងទឹករបស់ខ្លួនបង្ខំនាវាមុជទឹករបស់សហរដ្ឋអាមេរិក បង្ហាញខ្លួននៅតំបន់ Gulf ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធចំពោះការលើកឡើងនេះ

0

អ៊ីរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក Shahram Irani បានប្រាប់ទូរទស្សន៍រដ្ឋថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបង្ខំនាវាមុជទឹករបស់សហរដ្ឋអាមេរិកមួយគ្រឿង ឲ្យបង្ហាញខ្លួននៅពេលចូលតំបន់ Gulf ប៉ុន្តែកងនាវាទីប្រាំរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបដិសេធថា ឧប្បត្តិហេតុនេះមិនបានកើតឡើងទេ។

ប្រទេសអ៊ីរ៉ង់បាននិយាយថា នាវាមុជទឹករបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរមកជិតដែនទឹករបស់ខ្លួន ខណៈដែលកំពុងមុជទឹក ប៉ុន្តែនាវាមុជទឹករបស់អ៊ីរ៉ង់ប្រភេទ Fateh បានរកឃើញនាវានោះ ដេញតាមដើម្បីបង្ខំនាវានោះឲ្យបង្ហាញខ្លួន ខណៈធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ហើយនាវានោះក៏បានចូលទៅក្នុងដែនទឹករបស់យើងផងដែរ ប៉ុន្តែនាវានោះបានកែប្រែទិសដៅបន្ទាប់ពីទទួលការព្រមាន”។

អ៊ីរ៉ង់បាននិយាយទៀតថា “នាវាមុជទឹកនោះកំពុងប្រឹងប្រែងអស់លទ្ធភាព ដើម្បីធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយស្ងៀមស្ងាត់ និងលាក់បំពួន”។ “យើងច្បាស់ជាបង្ហាញការពិតទៅកាន់ស្ថាប័នអន្តរជាតិ ថា នាវានោះបានរំលោភលើព្រំដែនរបស់យើង”។

កងនាវាទីប្រាំរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេស Bahrain បានបដិសេធនូវអ្វីដែលខ្លួនហៅថា “ការផ្សព្វផ្សាយព័ត៌មានមិនពិត” របស់អ៊ីរ៉ង់។ មេបញ្ជាការលោក Timothy Hawkins បានប្រាប់ព័ត៌មានរ៉យទ័រថា “នៅថ្ងៃនេះ ឬថ្មីៗនេះ នាវាមុជទឹករបស់សហរដ្ឋអាមេរិកមិនបានឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ” ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ