អគ្គលេខាធិការអង្គការណាតូ ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន

0

បរទេស៖ មន្ត្រីរបស់អង្គការណាតូបានប្រាប់សារព័ត៌មានតាសស៍ថា អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីអង្គការណាតូបាននិយាយថា «អគ្គលេខាធិការអង្គការណាតូ គឺកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ យើងនឹងចេញផ្សាយព័ត៌មានបន្ថែមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកបាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក ស្តូលធែនបឺក ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់កិច្ចប្រជុំនៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលការគាំទ្រយោធាសម្រាប់អ៊ុយក្រែននឹងត្រូវបានពិភាក្សាមុនពេលការវាយលុកដែលរំពឹងទុករបស់កងទ័ពអ៊ុយក្រែន»។

យោងតាមព័ត៌មានផ្លូវការរបស់អង្គការណាតូបានឱ្យដឹងថា លោក ស្តូលធែនបឺក គ្រោងនឹងទៅដល់មូលដ្ឋានយោធា Ramstein នៅថ្ងៃសុក្រនេះ វេលាម៉ោង ១០:១០នាទីព្រឹក (ម៉ោងនៅទីក្រុងមូស្គូ) ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែននឹងមានរយៈពេលខ្លីប៉ុណ្ណោះ។

នៅព្រឹកថ្ងៃដដែលនោះ ប្រភពប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់អ៊ុយក្រែន Strana បានរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក ស្តូលធែនបឺក ទៅកាន់ប្រទេសអ៊ុយក្រែន។ ប្រភពនោះមិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែបានបង្ហោះរូបភាពលោកអគ្គលេខាធិការអង្គការណាតូឈរជាមួយមន្ត្រីយោធាអ៊ុយក្រែន។

ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនរបស់មន្ត្រីអង្គការណាតូទៅកាន់ប្រទេសដែលសកម្មភាពយោធាសកម្មកំពុងប្រព្រឹត្តទៅនេះ គឺជាទម្លាប់ទូទៅមួយ។ ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អង្គការសម្ព័ន្ធមិត្តនេះក៏មិនដែលប្រកាសអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរបស់ខ្លួនទៅកាន់ប្រទេសនោះជាមុនដែរ ប៉ុន្តែបានចេញផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ពួកគេបន្ទាប់ពីដំណើរទស្សនកិច្ចនោះបានបញ្ចប់ ឬជិតបញ្ចប់៕

ប្រភព៖ ក្រសួងព័ត៌មាន