ការទប់ស្កាត់ប្រទេសអ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គការណាតូ នៅតែជាគោលដៅមួយនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការទប់ស្កាត់ប្រទេសអ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គការណាតូ នៅតែជាគោលដៅមួយនៃប្រតិបត្តិការយោធាពិសេស។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ពិតណាស់ ព្រោះបើមិនដូច្នេះទេ វានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខប្រទេសយើង»។

ថ្លែងមតិចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) ទៅកាន់ទីក្រុងគៀវ លោក ប៉េសកូវ បាននិយាយថា វិមានក្រឹមឡាំងមិនមានការវាយតម្លៃអំពីទស្សនៈនៃការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការសម្ព័ន្ធភាពនោះទេ។

លោកបានកត់សម្គាល់ថា «ទេ! វិមានក្រឹមឡាំងមិនមានការវាយតម្លៃអំពីទស្សនៈនោះទេ» ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការិយាល័យសារព័ត៌មានរបស់អង្គការណាតូបានប្រាប់សារព័ត៌មានតាសស៍ថា បច្ចុប្បន្ននេះ លោក ស្តូលធែនបឺក កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមប្រភពការទូតនៅទីក្រុងប្រ៊ុចសែលបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ស្តូលធែនបឺក ទៅកាន់ទីក្រុងគៀវបានក្លាយជាដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់កិច្ចប្រជុំនៃក្រុមទំនាក់ទំនងស្តីពីអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី២១ ខែមេសានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន