កងទ័ពអាកាសអេហ្ស៊ីបចំនួន ១៧៧នាក់ បានត្រលប់ទៅប្រទេសវិញ ក្រោយជួបឃុំខ្លួននៅស៊ូដង់

0

អេហ្ស៊ីប ៖ នៅថ្ងៃព្រហស្បតិ៍ កងទ័ពស៊ូដង់បាននិយាយថា កងទ័ពអាកាសអេហ្ស៊ីបចំនួន ១៧៧នាក់ បានត្រឡប់ទៅប្រទេសអេហ្ស៊ីបវិញតាមយន្តហោះ បន្ទាប់ពីត្រូវបានឃុំខ្លួននៅទីក្រុង Merowe ភាគខាងជើងនៃប្រទេសស៊ូដង់ដោយកងកម្លាំងគាំទ្ររហ័ស(RSF)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពស៊ូដង់បាននិយាយថា កងទ័ពអេហ្ស៊ីបទាំងនោះត្រូវបានជម្លៀសចេញពីទីក្រុងភាគខាងជើង Dongola តាមរយៈយន្តហោះយោធាអេហ្ស៊ីបចំនួនបួន។ យោធាបាននិយាយថា កងទ័ពអេហ្ស៊ីបទៅប្រទេសស៊ូដង់ដើម្បីចូលរួមសមយុទ្ធទ័ពអាកាសរួមគ្នា។

យោធាអេហ្ស៊ីបមិនបានប្រកាសពីការជម្លៀសនោះទេ ប៉ុន្តែមុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងប្រទេសស៊ូដង់ ដើម្បីធានាការវិលត្រឡប់មកវិញរបស់កងទ័ពខ្លួន។

កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទូទាំងប្រទេសស៊ូដង់រវាងកងកម្លាំង RSF និងកងទ័ព កងកម្លាំង RSF បានចែករំលែកវីដេអូមួយដែលខ្លួនបាននិយាយថា ជាការបង្ហាញពីការ “ចុះចាញ់” របស់កងទ័ពអេហ្ស៊ីប នៅក្នុងទីក្រុង Merowe ភាគខាងជើងដែលមានចម្ងាយប្រហែលពាក់កណ្តាលផ្លូវរវាងរដ្ឋធានី Khartoum របស់ស៊ូដង់ និងព្រំដែនអេហ្ស៊ីប ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ