កូរ៉េខាងជើង ៖ កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះ គួរតែដំណើរការទៅមុខ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្រុមអ្នកវិភាគនិយាយថា ផ្កាយរណបយោធាគឺជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋដែលមិនមានទំនាក់ទំនងជាមួយប្រទេសដទៃ និងមានអាវុធនុយក្លេអ៊ែរ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឃ្លាំមើល រួមទាំងយន្តហោះគ្មានមនុស្សបើក ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារគោលដៅក្នុងករណីមានជម្លោះ។
កាលពីខែធ្នូ ប្រទេសកូរ៉េខាងជើង បានធ្វើអ្វីដែលខ្លួនហៅថាជា “ដំណាក់កាលចុងក្រោយ” នៃការសាកល្បងដ៏សំខាន់មួយសម្រាប់ផ្កាយរណបចារកម្ម និងបាននិយាយថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ការបាញ់បង្ហោះនៅខែមេសា។ នៅពេលនោះ ខ្លួនបានបញ្ចេញរូបភាពសខ្មៅនៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង និងបាននិយាយថា រូបភាពទាំងនោះត្រូវបានគេថតក្នុងអំឡុងពេលធ្វើតេស្ត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា កាលពីថ្ងៃអង្គារ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារអវកាសផ្លូវការ លោក គីម បានប្រាប់ក្រុមមន្ត្រីឲ្យធានាថានឹងមានការបាញ់បង្ហោះទាន់ពេល ហើយថែមទាំងបានបញ្ជាឲ្យបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនបន្ថែមទៀតផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ