លោក ពូទីន បានធ្វើទស្សនកិច្ចនៅតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន

0

រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានជួបពិភាក្សាជាមួយមេបញ្ជាការរបស់លោកនៅក្នុងតំបន់ចំនួនពីរក្នុងប្រទេសអ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធ ខណៈដែលកាលពីថ្ងៃអង្គារ កងកម្លាំងរុស្ស៊ីបានបង្កើនការបាញ់កាំភ្លើងធំ និងវាយប្រហារតាមដែនអាកាសទៅលើទីក្រុង Bakhmut របស់ប្រទេសអ៊ុយក្រែនដែលត្រូវបានបំផ្លិចបំផ្លាញ។

ការិយាល័យរបស់លោកបាននិយាយថា នាពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅសួរសុខទុក្ខកងទ័ពនៅទីក្រុង Avdiivka ដែលស្ថិតនៅភាគខាងកើត និងមានចម្ងាយប្រហែល ៧០គីឡូម៉ែត្រនាភាគនិរតីពីទីក្រុង Bakhmut ហើយត្រូវបានរាយការណ៍ដោយសង្ខេបអំពីស្ថានភាពទីក្រុងទាំងនោះ។

វិមានក្រឹមឡាំងបាននិយាយថា កាលពីថ្ងៃចន្ទ លោក ពូទីន បានចូលរួមកិច្ចប្រជុំបញ្ជាការយោធានៅក្នុងទីក្រុង Kherson ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលឆ្មាំជាតិនៅភាគខាងកើតនៃទីក្រុង Luhansk ។

លោកពូទីន បានទទួលរបាយការណ៍ពីមេបញ្ជាការនៃកងកម្លាំងអាកាស ក្រុមកងទ័ព Dnieper រួមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលបានរាយការណ៍ប្រាប់លោកអំពីស្ថានភាពនៅក្នុងទីក្រុង Kherson និង Zaporizhzhia ស្ថិតនៅភាគខាងត្បូង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ