បាត់ដំបង៖ មន្រ្តីសាខាកាកបាទ ក្រហមខេត្តបាត់ដំបងឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំនេះ នៅខេត្តបាត់ដំបង មានផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ១៣៥៨គ្រួសារ (ខ្នងផ្ទះ )លើស្រុកចំនួន១៣ ក្នុងឃុំចំនួន ៩០ និងភូមិ២១៣ភូមិ ។
លោក យ៉ានឧត្តម អនុប្រធានសាខាកាកបាទក្រហមខេត្តបាត់ដំបង ឱ្យដឹងថា ក្នុងចំណោម ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះជាង១៣០០ខ្នងនោះមាន ប៉ើងដំបូលទាំងស្រុង ១៩៨ខ្នង ប៉ើងដំបូលកម្រិតធ្ងន់ចំនួន ៦៥៦ខ្នង និង ប៉ើងដំបូលកម្រិតស្រាលចំនួន ៥០៤ខ្នង រងគ្រោះរបួសមនុស្ស៧នាក់ រន្ទះបាញ់ស្លាប់១នាក់ ងាប់គោ៦ក្បាល និងខូចខាតសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។
បើតាមលោក យ៉ានឧត្តម ដែលដឹកនាំមន្រ្តីសាខា សហការជាមួយអាជ្ញាធរបានចុះទៅវាយតម្លៃផល ប៉ះពាល់ បន្ទាន់លើស្រុករុក្ខគិរីកាលពីថ្ងៃទី១៨ខែមេសា ដែលស្រុកនេះរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ ធ្ងន់ធ្ងរ ចុងក្រោយ កាលពីថ្ងៃទី១៥ខែមេសា បានឱ្យដឹងថា ៖ ចំនួនផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ បានកើនសរុប៤៦៧ខ្នង ក្នុងនោះ ប៉ើងដំបូល ទាំងស្រុង ១៣៤ខ្នង ប៉ើងដំបូលកម្រិតធ្ងន់ចំនួន១៨៥ខ្នង ប៉ើងដំបូលកម្រិតស្រាល ១៤៥ខ្នង ។
លោក យ៉ាន ឧត្តម បានឲ្យដឹងថា ឃុំទាំង៥នៃស្រុករុក្ខគិរីដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមាន ៖
១-ឃុំព្រែកជីក ប៉ះពាល់សរុប៣៤៨ខ្នង ប៉ះពាល់ផ្ទះរលំទាំងស្រុង១២៣ខ្នង ធ្ងន់ធ្ងរចំនួន ១០៨ខ្នង ,ស្រាល១១៧ខ្នងលើភូមិចំនួន៦ សាលារៀន១ ក្នុងនោះរបួសមនុស្ស៧នាក់ ។
២-ឃុំព្រែកត្រឡាច ប៉ះពាល់សរុប៤៧ខ្នង ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង ធ្ងន់ធ្ងរចំនួន៣៦ខ្នង, ស្រាល៨ខ្នង (លើភូមិចំនួន៦) ។
៣-ឃុំស្តុកប្រវឹក ប៉ះពាល់សរុបចំនួន៣៩ខ្នង ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង ធ្ងន់ធ្ងរចំនួន២៨ខ្នង, ស្រាល៨ខ្នង (លើភូមិចំនួន៨) ។
៤-ឃុំបាសាក់ប៉ះពាល់សរុបចំនួន២៨ខ្នង ប៉ះពាល់ផ្ទះរលំទាំងស្រុង៤ខ្នង ធ្ងន់ធ្ងរចំនួន៩ខ្នង, ស្រាល១៥ខ្នង (លើភូមិចំនួន៤) ។
៥-ឃុំមុខរាហ៍ប៉ះពាល់សរុប៥ខ្នង ប៉ះពាល់ផ្ទះរលំទាំងស្រុង១ខ្នង ធ្ងន់ធ្ងរចំនួន៤ខ្នង, រន្ទះបាញ់ស្លាប់មនុស្ស ១នាក់ (លើភូមិចំនួន២) ។
លោកយ៉ាន ឧត្តម បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ជាង១០០០គ្រួសារ ខាងលើ នេះ បានទទួលអំណោយពីសាខាខេត្ត អនុសាខាស្រុកនិង ក្រុម ការងារចុះមូលដ្ឋាន ជាបន្តបន្ទាប់ ៕
ប្រភព៖ ក្រសួងព័ត៌មាន