បាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុមទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០៥នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិត ដេញកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសចំនួន ០២នាក់។ ១.ឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសម្រាមដៃខាងឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាងស្តាំ (រងរបួសធ្ងន់) និង២.ឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាងឆ្វេង (របួសស្រាល) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
បន្ទាប់ពីពេលកើតហេតុ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលផ្នែកជំនាញ នៃអធិការដ្ឋានស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹងនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្មោះ សាន់ វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជនដៃដល់)
២.ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៣.ឈ្មោះ សូត្រ សារឿប ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៤.ឈ្មោះ ផៃ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៥.ឈ្មោះ ផៃ សុផាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កមកឆក់ត្រីក្បែរកន្លែងជនរងគ្រោះឃ្វាលទាធ្វើឲ្យទាផ្អើលរត់ចេញក្រៅ ខាងជនរងគ្រោះក៏បានស្រែកទៅអ្នកឆក់ត្រីកាក់ៗចាប់ៗជនបង្ក ហើយជនបង្កក៏បានផ្អើលរត់គេខ្លួនបាត់ពីកន្លែងហ្នឹង បានជ្រុះកាបូបលុយនៅទីនោះត្រូវបានជនរងគ្រោះរើសបានជនបង្កមកសុំវិញរួចក៏ត្រឡប់ចេញទៅវិញបាត់ទៅ បានប្រហែល១ម៉ោងជនបង្កក៏បាននាំបក្ខពួកមកកាប់លើជនរងគ្រោះតែម្តង។ ក្រោយពីប្រព្រឹត្តិរួចជនបង្កនិងបក្ខពួកបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចដកហូតបានវត្ថុតាងបាន: កាំបិតចំនួន ០១ដើម, អាំងវ៉ិចទ័រឆក់ត្រីចំនួន០១, អាគុយ ៤០អំពែរចំនួន០១, ដងឈើសំរាប់ត្រីចំនួន ០១គូរ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានបបួលគ្នាទៅធ្វើសកម្មភាពបង្កហិង្សាលើជនរងគ្រោះពិតប្រាកដមែន ដោយមូលហេតុទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក។ ករណីនេះ ជនសង្ស័យខាងលេីត្រូវបាននគរបាលស្រុក កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្កស្នងការដ្ឋាននគរបាលជាតិ