ក្រុមប្រទេស G7 គាំទ្រចំពោះកិច្ចសន្ទនារវាងរុស្ស៊ី-សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ

0

បរទេស៖ ក្រុមប្រទេស G7 គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចសន្ទនាស្ថិរភាពជាយុទ្ធសាស្រ្តរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមនាយកមិនរីកសាយអាវុធនៃក្រុមប្រទេស G7 បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងការុយហ្សាវ៉ា (Karuizawa)។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ក្រុមប្រទេស G7 គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ ដើម្បីបន្តកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងយុទ្ធសាស្ត្រ ប៉ុន្តែកិច្ចចរចានោះទាមទារឱ្យមានដៃគូដែលមានឆន្ទៈប្រតិបត្តិដោយស្មោះត្រង់»។

ក្រុមប្រទេស G7 ក៏បានថ្កោលទោសដល់ការប្រកាសរបស់រុស្ស៊ីដែលមានចេតនាដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្សដែរ។ ចំពោះថ្នាក់ដឹកនាំនៃការមិនរីកសាយភាយអាវុធបានឱ្យដឹងថា ទង្វើនេះគឺជាការបង្ហាញបន្ថែមទៀតនៃវោហាសាស្ត្រនុយក្លេអ៊ែរដែលមិនមានការទទួលខុសត្រូវ។

កាលពីចុងខែមីនា លោកស្រី អ៊ីហ្ស៊ូមី ណាគាមីតស៊ូ (Izumi Nakamitsu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរំសាយអាវុធ បានអំពាវនាវឱ្យទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ពួកគេក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ម្តងទៀត ហើយចាប់ផ្តើមបង្កើតកិច្ចព្រមព្រៀងថ្មីមួយដែលនឹងមកជំនួសវា។ លោកស្រីបាននិយាយដូច្នេះនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានជួបប្រជុំគ្នា ស្តីពីការប្រកាសរបស់រុស្ស៊ីក្នុងការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីបេឡារុស្ស៕

ប្រភព៖ ក្រសួងព័ត៌មាន