បរទេស៖ អ្នកការទូតកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានជួបជាមួយប្រធានកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ហើយបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកទៅលើច្បាប់ និងបង្កើនការទទួលខុសត្រូវរបស់ខ្លួននៅក្នុងសហគមន៍ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល។
នៅក្នុងជំនួបនៅទីក្រុងសេអ៊ូលជាមួយលោកស្រី រ៉ូសម៉ារី ឌីការឡូ (Rosemary DiCarlo) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការគោរពតម្លៃសកលលោក និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកទៅលើច្បាប់ គឺស្របតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក ផាក ក៏បានពន្យល់ផងដែរថា បំណងប្រាថ្នារបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីរបស់ប្រទេសកូរ៉េខាងត្បូងក្នុងនាមជាតួអង្គដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
លោកស្រី ឌីការឡូ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅលើឧបទ្វីបកូរ៉េ និងបានអះអាងសារជាថ្មីនូវការគាំទ្រដែលមិនផ្លាស់ប្តូរពីអង្គការសហប្រជាជាតិ។
អគ្គលេខាធិការរងក៏បានជួបប្រជុំដាច់ដោយឡែកមួយជាមួយលោក វ៉ុន យ៉ាំងសេ (Kwon Young-se) រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល។ ការិយាល័យរបស់ វ៉ុន បាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍផ្នែកភូមិសាស្ត្រនយោបាយចុងក្រោយបង្អស់ជុំវិញឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន