បរទេស៖ ប្រទេសចិន និងប្រេស៊ីលបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ ដែលបង្ហាញពីការបើកចំហ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល លោក លី្វហ្ស៍ អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ទៅកាន់ប្រទេសចិនដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អ្នកជំនាញរូបនេះបាននិយាយថា ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងបង្កើតអនាគតថ្មីនៅក្នុងទំនាក់ទំនងរបស់ពួកគេ ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ ហើយដើរតួយ៉ាងសំខាន់ និងវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងជុំវិញពិភពលោក។
នៅពេលចាកចេញពីប្រទេសចិនកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន លោក លូឡា បាននិយាយថា លោកពេញចិត្តនឹងដំណើរទស្សនកិច្ចនេះ ហើយរីករាយដែលទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រេស៊ីល និងចិនមានភាពប្រសើរឡើង។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលបានផ្តល់ឱ្យលោក លូឡា នូវពិធីស្វាគមន៍ដ៏អស្ចារ្យមួយ ហើយបាននិយាយក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេថា ឥទ្ធិពលជាសកល និងយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-ប្រេស៊ីលនៅតែបន្តរីកចម្រើន។ លោកបាននិយាយបន្ថែមថា ប្រទេសចិនមើលឃើញពីទំនាក់ទំនងជាអាទិភាពខ្ពស់នៅក្នុងរបៀបវារៈការទូតរបស់ខ្លួន។
លោក លូឡា បាននិយាយថា ស្ថាប័ននីតិប្បញ្ញត្តិ និងសង្គមរបស់ប្រទេសប្រេស៊ីលចែករំលែកនូវបំណងប្រាថ្នាដ៏មុតមាំសម្រាប់ការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនលើគ្រប់វិស័យ។
លោក សុង ជុនយីង (Song Junying) ប្រធាននាយកដ្ឋានសិក្សានៅអាមេរិកឡាទីន និងការាបៀននៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃវិទ្យាស្ថានចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក លូឡា បានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងការពង្រឹងកិច្ចសហប្រតិបត្តិការ។
លោក អាលេសសាន់ដ្រូ ហ្គូឡុមបេវស្គី តីស៊ីរ៉ា (Alessandro Golombiewski Teixeira) អតីតរដ្ឋមន្ត្រីទេសចរណ៍ប្រេស៊ីលបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនបានបង្ហាញពីគោលនយោបាយផ្តោតសំខាន់ទៅលើប្រជាជនរបស់ប្រទេសទាំងពីរ និងវិធីសាស្រ្តរួមចំពោះពហុភាគីនិយមក្នុងកិច្ចការពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន