ឥណ្ឌូណេស៊ី បង្កើនការផ្សព្វផ្សាយទេសចរណ៍ក្នុងអំឡុងឆ្នាំនៃការធ្វើជាប្រធានអាស៊ាន

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី លោក សាន់ឌីអាហ្កា សាឡាហ៊ូដឌីន អូណូ (Sandiaga Salahuddin Uno) បាននិយាយថា ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣ នេះ នឹងក្លាយជាឱកាសមួយដើម្បីពង្រឹង និងលើកកម្ពស់សក្តានុពលទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ី។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ាឡាងនៃកោះចាវ៉ាខាងកើតកាលពីថ្ងៃទី១៦ ខែមេសា លោករដ្ឋមន្ត្រីបានលើកឡើងថា ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូណេស៊ី គឺជាឱកាសមួយដើម្បីបង្ហាញថា វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសឥណ្ឌូណេស៊ី គឺល្អបំផុតនៅក្នុងតំបន់។

លោកបាននិយាយថា លោកជឿជាក់ថា វិស័យទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នត្រូវបានគេចាត់ទុកថាល្អជាងមុនបើធៀបទៅនឹងប្រទេសដទៃទៀតជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ លោកបាននិយាយបន្តថា សក្ដានុពលទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេចាត់ទុកថាមានទំហំធំធេង។

លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា ជាមួយនឹងសក្ដានុពលដ៏ខ្លាំងនៃវិស័យទេសចរណ៍ វាត្រូវតែក្លាយជាកត្តាដ៏សំខាន់ដើម្បីស្តារសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលធ្លាប់រងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩។

លោកក៏បានចង្អុលបង្ហាញអំពីតំបន់មួយចំនួនដែលមានសក្តានុពលទេសចរណ៍ខ្លាំង ដូចជាតំបន់ម៉ាឡាង ដែលជាផ្ទះរបស់ភូមិទេសចរណ៍មួយចំនួនដែលបានទទួលពានរង្វាន់ជាតិ និងអន្តរជាតិ។ តំបន់មួយក្នុងចំណោមតំបន់ដែលមានសក្តានុពលទាំងនោះ រួមមានភូមិទេសចរណ៍ពូជុន គីឌុល នៅក្នុងទីក្រុងម៉ាឡាង ដែលបានទទួលពានរង្វាន់ភូមិទេសចរណ៍ឥណ្ឌូណេស៊ី (ADWI) ឆ្នាំ២០២១ សម្រាប់ប្រភេទភូមិដែលមានការបំផុសគំនិតល្អបំផុត។

លោកបានកត់សម្គាល់ថា នៅក្នុងនោះក៏មានភូមិសាណាន់គេតូផងដែរ ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងប្រភេទភូមិដែលមានភាពទាក់ទាញទេសចរណ៍បំផុត និងទទួលបានការកោតសរសើរពីវេទិកាអន្តរជាតិសម្រាប់ការចូលរួមក្នុងកម្មវិធីពានរង្វាន់អភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រអាស៊ានលើកទី៥ កាលពីក្នុងឆ្នាំ២០២២។

ខណៈដែលវាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការលើកកម្ពស់គុណភាពភូមិទេសចរណ៍ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងផ្តល់ជំនួយដល់វិស័យទេសចរណ៍ដែលមានស្រាប់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ដើម្បីបង្កើនសក្តានុពលរបស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន