បរទេស៖ គ្រោះរញ្ជួយមួយដីកម្រិត ៧,០រ៉ិចទ័របានវាយប្រហារឆ្នេរកោះចាវ៉ាក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៤ ខែមេសា ។ មកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតដោយសារការរញ្ជួយដីនោះនៅឡើយទេ។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីនោះបានកើតឡើងនៅវេលាម៉ោង ៤:៥៥នាទីល្ងាច (ម៉ោងនៅឥណ្ឌូណេស៊ី) ដែលមានជម្រៅ ៥៩៤គីឡូម៉ែត្រ និងចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងស៊ូរ៉ាបាយ៉ាដែលជាទីក្រុងមានប្រជាជនច្រើនជាងគេលំដាប់ទីពីររបស់ប្រទេសឥណ្ឌូណេស៊ី។
ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ីបាននិយាយថា ការរញ្ជួយដីទំនងជាមិនបណ្តាលឱ្យមានរលកយក្សស៊ូណាមិនោះទេ។
ប្រទេសឥណ្ឌូណេស៊ីតែងតែជួបប្រទះនឹងការរញ្ជួយដី ដោយសារវាស្ថិតនៅលើតំបន់ចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក។ កាលពីខែវិច្ឆិកាឆ្នាំមុន ការរញ្ជួយដីមួយកម្រិត ៥,៦រិចទ័រនៅក្នុងខេត្តចាវ៉ាខាងលិចនៅលើកោះចាវ៉ាបានឆក់យកជីវិតមនុស្សជាង ៦០០នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន