បរទេស៖ ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមេសា នៅខេត្តចំនួន៣ ជាប់ព្រំដែនភាគខាងត្បូងប្រទេសថៃ។
ជនវាយប្រហារប្រដាប់អាវុធដែលមិនដឹងចំនួនពិតប្រាកដមួយ បានធ្វើការវាយប្រហារនៅទីតាំងចំនួនប្រាំមួយផ្សេងៗគ្នានៅក្នុងខេត្តយ៉ាឡា ខេត្តប៉ាតានី និងខេត្តណារ៉ាធីវ៉ាត់ ស្ទើរតែក្នុងពេលដំណាលគ្នា។
គោលដៅសំខាន់នៃការវាយប្រហារនោះ គឺកងកម្លាំងប៉ូលិសក្នុងតំបន់ ដូចជាកងកម្លាំង Rueso ក្នុងខេត្តណារ៉ាធីវ៉ាត់ ឬស្ថានីយ៍អនុរក្សយោធាក្នុងស្រុករ៉ាម៉ាន់ក្នុងខេត្តយ៉ាឡាជាងដើម។
ក្រោយការវាយប្រហារនោះ ការបាញ់ប្រហារជាច្រើនបានកើតឡើងរវាងកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើង ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ។ ការស៊ើបអង្កេតលើហេតុការណ៍នេះកំពុងដំណើរការ៕
ប្រភព៖ ក្រសួងព័ត៌មាន