ជប៉ុន ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាស៊ាន

0

បរទេស៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក គីយ៉ា ម៉ាសាហ៊ីកូ (Kiya Masahiko) បាននិយាយនា តំបន់អាស៊ានគឺជាដៃគូដ៏សំខាន់របស់ប្រទេសជប៉ុន ហើយទីក្រុងតូក្យូបានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្លុកនេះ។

នៅក្នុងបទសម្ភាសន៍មួយដែលផ្តល់ជូនទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសឥណ្ឌូណេស៊ី អាន់តារ៉ា លោកឯកអគ្គរដ្ឋទូត គីយ៉ា បាននិយាយអំពីភូមិសាស្ត្រនយោបាយ ដោយអាស៊ានមានទីតាំងយុទ្ធសាស្ត្ររវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ លើសពីនេះទៀត ប្រជាជនអាស៊ានមានចំនួន ៦៧០លាននាក់ ហើយសេដ្ឋកិច្ចរបស់ខ្លួននៅតែបន្តកើនឡើង។ ទាំងនោះជាហេតុផលដែលជំរុញឱ្យប្រទេសជប៉ុនរក្សាទំនាក់ទំនងជាមួយអាស៊ាន។

យោងតាមរូបលោកបានឱ្យដឹងថា ប្រទេសជប៉ុន គឺជាដៃគូសន្ទនាដំបូងរបស់អាស៊ាន ហើយបានបើកកិច្ចសន្ទនាក្រៅផ្លូវការជាលើកដំបូងកាលពីឆ្នាំ១៩៧៣ មុនពេលកិច្ចសន្ទនាជាផ្លូវការកាលពីខែមីនា ឆ្នាំ១៩៧៧។ ឆ្នាំនេះ គឺជាខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងការរំលឹកនៃកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅក្នុងខែធ្នូនៅទីក្រុងតូក្យូ។

លោក គីយ៉ា បាននិយាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានសន្យាថានឹងចូលរួមចំណែក និងសហប្រតិបត្តិការជាមួយអាស៊ានក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាកិច្ចការដែនសមុទ្រ ការតភ្ជាប់ ការកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការក្នុងរបៀបវារៈសេដ្ឋកិច្ច ដូចជាការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាឌីជីថល និងសន្តិសុខស្បៀងអាហារ៕

ប្រភព៖ ក្រសួងព័ត៌មាន