បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃបាននិយាយថា បច្ចេកវិទ្យាសម្គាល់ភ្នែក និងផ្ទៃមុខមនុស្សនឹងត្រូវបានប្រើប្រាស់នៅក្នុងគម្រោងសាកល្បងនៅក្នុងប្រទេសថៃ សំដៅធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់ពលករបរទេស ជនភៀសខ្លួន និងជនជាតិភាគតិចនៅក្នុងខេត្តចំនួន៥។
គម្រោងនេះត្រូវបានបង្កើតឡើងដោយបណ្តាដៃគូរបស់នាយកដ្ឋាន រួមទាំងសមាគមកាកបាទក្រហមថៃ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាអេឡិចត្រូនិក និងកុំព្យូទ័រជាតិ (Nectec)។
វាមានគោលបំណងប្រមូលទិន្នន័យរបស់អ្នកជំងឺដែលបានបាត់បង់ឯកសារ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។
គំនិតផ្តួចផ្តើមបង្កើតការសម្គាល់មុខមនុសុ្សដ៏ល្អឥតខ្ចោះនេះ នឹងត្រូវបានអនុវត្តនៅក្នុងទីក្រុងបាងកក ខេត្តសាមុតសាខន ខេត្តប្រាជួបគីរីខាន់ ខេត្តតាក និងខេត្តជុនបុរី។
បន្ទាប់ពីលទ្ធផលរំពឹងទុកនៃគម្រោងសាកល្បងខ្នាតតូចដែលធ្វើឡើងកាលពីឆ្នាំមុន ដែលប្រមូលបានអត្តសញ្ញាណបុគ្គលចំនួន ៦០.០០០នាក់ដោយជោគជ័យ ឥឡូវនេះនាយកដ្ឋានកំពុងពង្រីកគម្រោងនេះទៅកាន់ខេត្តចំនួន៥។ ក្នុងការត្រៀមរៀបចំ ពួកគេកំពុងរៀបចំឯកសារ ឧបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខភាពសាធារណៈនៅតាមមូលដ្ឋាន។
ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត តារេស ក្រាស្នាណៃរ៉ាវីវង្ស (Tares Krassanairawiwong) បានលើកឡើងអំពីផលប៉ះពាល់ជាវិជ្ជមាននៃការអនុវត្តបច្ចេកវិទ្យាសម្គាល់មុខមនុស្សក្នុងការផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់ក្រុមគោលដៅ។
ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នាយកដ្ឋានបានជួបប្រទះបញ្ហាប្រឈមក្នុងការតាមដានជាមួយក្រុមដែលមិនមានឯកសារអំពីបញ្ហាទាក់ទងនឹងការឆ្លង ឬការចាក់វ៉ាក់សាំង៕
ប្រភព៖ ក្រសួងព័ត៌មាន