សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់នូវការរិះគន់គ្នា វាយប្រហារគ្នាទៅវិញទៅមក តាមបណ្ដាញសង្គម ទៅលើការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបញ្ចប់នូវការរិះគន់គ្នា វាយប្រហារគ្នាទៅវិញទៅមក តាមបណ្ដាញសង្គម ទៅលើការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងសារជាសំឡេងតាមតេឡេក្រាមជូនជនរួមជាតិ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីល្ងាចម្សិលរហូតមកដល់ពេលនេះ ការជជែកវែកញែក រវាងការប្រកួតកីឡាប្រដាល់នៅឯខេត្តសៀមរាប របស់កីឡាករ ឈឿង ល្វៃ និងកីឡាករថៃ ធ្វើឱ្យសម្ដេចមិនអាចនឹងមិនចេញមក ដើម្បីនឹងធ្វើការសម្របសម្រួលបាននោះទេ។ សម្ដេចតេជោថ្លែងបន្ដថា ពិតមែនហើយសម្ដេចមានការយល់ស្របជាមួយនឹងលោកឧកញា ស្រី ចាន់ថន ពាក់ព័ន្ធជាមួយនឹងបញ្ហា កីឡាករដែលនឹងត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម មិនគួរឱ្យមានការចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណានោះទេ ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេមបានចប់។ បើមិនដូច្នោះទេ កីឡាករដែលបានផ្គូរផ្គងសម្រាប់ចូលប្រកួតស៊ីហ្គេម នឹងត្រូវបាត់បង់ឱកាស នៅពេលនោះប្រសិនបើមានហេតុការណ៍កើតឡើង ដូចជាករណី កីឡាករ ឈឿង ល្វៃ តើជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតស៊ីហ្គេមបានឬទេ។ នេះជាចំណុចដែលសម្ដេចបានឯកភាពជាមួយនឹងទស្សនៈ របស់លោកឧកញា ស្រី ចាន់ថន ពាក់ព័ន្ធជាមួយនឹងការរៀបចំប្រកួត។ ដូច្នេះសូមឱ្យសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់ កុំឱ្យមានការថ្លោះធ្លោយណាមួយ ទាក់ទងនឹងគូ ដែលត្រូវចូលប្រកួតនៅក្នុងស៊ីហ្គេមនាពេលខាងមុខ ដោយចូលធ្វើការប្រកួតនៅតាមសៃហ្វៀនទូរទស្សន៍នេះ ទូរទស្សន៍នោះ កន្លែងនេះ ឬកន្លែងនោះ។ បើមិនដូច្នោះ យើងនឹងមានបញ្ហាទាក់ទងនឹងកម្រិតជាតិ ដែលត្រូវធ្វើនាពេលខាមុខ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សម្ដេចយល់មិនច្បាស់ទេ គឺត្រង់កីឡាករក្រុមដទៃទៀតគេប្រកួតតែ៣ទឹក ឯគូររបស់លោក ឈឿង ល្វៃ និងកីឡាករថៃប្រកួតដល់ទៅ៥ទឹក។ ប៉ុន្តែបញ្ហានេះ តាមការបកស្រាយប្រហែលគូនេះ ជាគូមិត្តភាព ដែលត្រូវប្រកួតរហូតដល់៥ទឹក។ តាមធម្មតា គឺមិនអាច នឹងមិនមានការស្រុះស្រួលគ្នាមុនទេ សម្រាប់ចាត់តាំងការប្រកួត មិនអាចថាត្រូវប្រកួតតែ៣ទឹក រួចចាប់បង្ខំឱ្យប្រកួត៥ទឹកនោះទេ គឺសម្ដេចយល់ថាគឺមិនអាចទេ។ អីចឹងបញ្ហានេះ មានតែអ្នកចាត់តាំងការប្រកួតតែប៉ុណ្ណោះ ដែលអាចផ្ដល់នូវចម្លើយលើបញ្ហានេះបាន។ ប៉ុន្តែសម្រាប់ការយល់ដឹងរបស់សម្ដេចប្រហែលជាគូនេះ ជាគូប្រកួតមិត្តភាពរវាងកម្ពុជា ជាមួយថៃ។

សម្ដេចតេជោថ្លែងទៀតថា ឯបញ្ហាចោទប្រកាន់ទៅលើអាជ្ញាកណ្ដាល ដែលជួយទៅដល់កីឡាករថៃ ក្នុងពេលដែលកីឡាករ ឈឿង ល្វៃ ប្រុងនឹងវ៉ៃផ្ដាច់។ ចំណុចនេះ សម្ដេចតេជោ យល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្ដាល ដោយសម្ដេចតេជោលើកឡើងថា យើងមិនអាចយកឈ្នះ ត្រឹមតែចង់បានឈ្នះ ហើយអាចនឹងសម្លាប់គូប្រកួតបាននោះឡើយ។ នេះជារឿងអគុណធម៌ ហើយវាខុសជាមួយនឹង បញ្ហាក្រឹត្យក្រមនៃកីឡាផងដែរ នៅពេលដែលគូរប្រកួតមានការបាត់បង់ការតបតហើយ បែរជាមានការវ៉ៃសង្កត់បន្ថែម អាចចាត់ទុកថាស្លាប់ក៏អាចថាបាន។ ប្រសិនបើរឿងនេះ វាបានកើតឡើងនៅលើទឹកដីកម្ពុជា វាធ្ងន់ធ្ងរជាងអ្វី ដែលបាននិងកំពុងកើត និងកំពុងតែជជែកគ្នា ហើយរហូតដល់ចោទប្រកាន់ទៅដល់អាជ្ញាកណ្ដាលកំពុងតែស៊ីសំណូកជនជាតិថៃ។

សម្ដេចតេជោគូសបញ្ជាក់ថា សម្ដេចមិនយល់ដូច្នោះទេ សម្ដេចយល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្ដាល ដែលចេញមកបកស្រាយក្នុងក្របខណ្ឌវិជ្ជាជីវៈ នៅពេលដែលដៃគូម្ខាងទៀតបាត់បង់នូវការតបតហើយ គឺចាំបាច់ណាស់ត្រូវតែសង្គ្រោះ។ ដូច្នេះសូមឱ្យយោគយល់លើបញ្ហានេះ ព្រោះយើងបានផ្ដល់នូវឆន្ទានុសិទ្ធិដល់អាជ្ញាកណ្ដាលដឹកនាំនៃការប្រកួតនេះរួចស្រេចទៅហើយ គាត់មានសិទ្ធិដើម្បីនឹងធ្វើកិច្ចការងារនេះ។ ប្រសិនបើការងារនេះ គាត់បែរជាទៅចាប់ ឈឿង ល្វៃ ហើយទុកឱ្យកីឡាករថៃវ៉ៃ ទើបបានគាត់ខុស។ ប៉ុន្តែនៅពេលនេះ គឺឈឿង ល្វៃ កំពុងតែវ៉ៃទៅលើកីឡាករថៃ ដែលកំពុងតែបាត់បង់ជំហររួចស្រេចទៅហើយនោះ អាចនឹងបង្កការលំបាក អាចនឹងដល់ជីវិត ក៏អាចថាបាន។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ពិតមែនហើយការប្រកួតបន្ត បន្ទាប់ពីការពង្រឹងបានស្មារតីរបស់កីឡាករថៃ គឺគេបានវាយបកត្រឡប់មកវិញ ហើយយើងបានឃើញជាក់ស្ដែងហើយថា កីឡាករ ឈឿង ល្វៃ បានរបួសជើង ហើយដែលមិនអាចប្រកួតបន្តទៅទៀតបាន នេះវាជារឿងធម្មតានៃកីឡា។ ដូច្នេះយើងមិនអាចយករឿងមួយនេះ មកជជែកវែកញែកក្នុងបណ្ដាញសង្គម មិនចេះចប់មិនចេះហើយៗដែលគ្មាន ការគិតគូរអំពីរបៀបនៃការគ្រប់គ្រងទៅលើការប្រកួតមួយនោះដែរ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអង្វរក ចំពោះបងប្អូនជនរួមជាតិរបស់យើង កុំឱ្យមានបញ្ហាទាក់ទិននឹងការលើកឡើង របៀបដែលអាជ្ញាកណ្ដាលត្រូវតែទប់ស្កាត់កុំឱ្យមានការវ៉ៃទៅលើគូប្រកួត ដែលកំពុងតែបាត់បង់នូវជំហរ។ ចំណុចនេះ សូមបងប្អូនពិចារណាឱ្យបានហ្មត់ចត់។ សម្ដេចតេជោ ក៏សូមការយោគយល់ជាមួយបងប្អូនជនរួមជាតិ ដែលចាំបាច់ចេញមកទប់ស្កាត់ កុំឱ្យសង្គ្រាម រវាងអ្នកគាំទ្រ ឈឿង ល្វៃ ដែលយកអាជ្ញាកណ្ដាលធ្វើជាសត្រូវបន្តតទៅទៀត ដោយសូមឱ្យមានភាពស្ងប់ស្ងាត់។ សម្ដេចតេជោបានឱ្យដឹងទៀតថា យើងមានការប្រកួតជាបន្តទៅទៀតនៅពេលខាងមុខ ក្រឹត្យក្រម វិន័យ ការស្រាវជ្រាវ ក៏ស្រាវជ្រាងទៅចុះ បើមានការចាំបាច់ដើម្បីធ្វើការស្រាវជ្រាវ ក៏ប៉ុន្តែសម្រាប់សម្ដេច គឺពិតជាផ្ដល់នូវការគិតគូរអំពីសីលធម៌ គុណធម៌ និងការគោរពជីវិតមនុស្ស ពីសំណាក់អាជ្ញាកណ្ដាល។ នេះជារឿងសមហេតុសមផល។

សម្ដេចតេជោសង្ឃឹមថា ចូលឆ្នាំថ្មីនេះ គឺមិនមានអ្វីកើតឡើងទេ ក្រៅតែពីគ្រោះថ្នាក់ចរាចរណ៍ និងខ្យល់កន្ទ្រាក់នៅកន្លែងមួយចំនួន ប៉ុន្តែអ្វីៗបានប្រព្រឹត្តទៅល្អណាស់ តាមការគ្រោងទុក និងការសប្បាយរីករាយរបស់ប្រជាជន។ ដូច្នេះសូមកុំឱ្យបញ្ហាដ៏តូចមួយនេះ ក្លាយទៅជាបញ្ហាធំ គ្របដណ្ដប់សាធារណៈមតិ ដែលកំពុងតែសប្បាយយ៉ាងច្រើននៅក្នុងប្រទេសរបស់យើង។ កុំឱ្យបញ្ហាការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប ក្លាយទៅជាប្រធានបទ នៃការចាក់ដោត ហើយរហូតដល់មានជម្លោះរវាងប្រទេសទាំងពីរទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន