រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ យុវជន និងសេដ្ឋកិច្ចឌីជីថល គឺជាកត្តាជំរុញដ៏សំខាន់អោយតំបន់អាស៊ីអាគ្នេយ៍ក្លាយជាចំនុចកណ្តាលនៃកំណើនសេដ្ឋកិច្ច

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយថា យុវជន និងសេដ្ឋកិច្ចឌីជីថល គឺជាកត្តាជំរុញដ៏សំខាន់ ដើម្បីធានាឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចសន្ទនាយុវជនអាស៊ាន (AYD) ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព កាលពីថ្ងៃទី១១ ខែមេសា លោកស្រីបាននិយាយថា សក្ដានុពលកាន់តែមានភាពខ្លាំងឡើងជាមួយនឹងភាគលាភប្រជាសាស្ត្រ ដែលមួយភាគបីនៃចំនួនប្រជាជននៃតំបន់អាស៊ាន គឺជាមនុស្សវ័យក្មេង។

លោកស្រីរដ្ឋមន្ត្រីបាននិយាយថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានត្រូវបានគេព្យាករថានឹងឈានដល់តម្លៃ ២ទ្រីលានដុល្លារអាម៉េរិក ហើយនឹងរួមចំណែកប្រហែល ២៨% ដល់ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់។

លោកស្រី រេតណូ បានចង្អុលបង្ហាញថា នវានុវត្តន៍ដោយយុវជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការយកឈ្នះទៅលើបញ្ហាប្រឈមក្នុងវិស័យផ្សេងៗក្នុងគ្រាមានវិបត្តិ។

លោកស្រីបានលើកឡើងថា ក្នុងនាមជាភ្នាក់ងារនៃការផ្លាស់ប្តូរ យុវជនត្រូវតែមានស្មារតីនៃទំនួលខុសត្រូវសង្គម និងការយល់ចិត្តខ្ពស់ គឺចាំបាច់ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះទេ ជាពិសេសសហគមន៍ដែលមានការខ្វះខាត។

យុវជនប្រហែល ៦០នាក់មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេបានចូលរួមក្នុងកិច្ចសន្ទនា AYD រយៈពេលបីថ្ងៃរហូតដល់ថ្ងៃទី១៣ ខែមេសានេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងអនុសាសន៍ផែនការទាក់ទងនឹងការអភិវឌ្ឍឌីជីថល៕

ប្រភព៖ ក្រសួងព័ត៌មាន