បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានជួបជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក អាន់តូនីយ៉ូ កូស្តា (Antonio Costa) កាលពីថ្ងៃពុធ ហើយបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យឧស្សាហកម្ម ដូចជាបន្ទះសៀគ្វី និងអាគុយជាដើម។
លោក កូស្តា បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារមក ដោយក្លាយជានាយករដ្ឋមន្ត្រីដំបូងគេពីប្រទេសនៅអឺរ៉ុបដែលបានទៅធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងក្នុងរយៈពេល ៣៩ឆ្នាំកន្លងមកនេះ។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅឯការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល លោក យូន បាននិយាយថា ប្រទេសទាំងពីរមានសក្តានុពលដ៏អស្ចារ្យសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកឧស្សាហកម្មអាគុយសម្រាប់រថយន្តអគ្គិសនី (EVs) និងឧស្សាហកម្មផ្សេងៗទៀតនាពេលអនាគត ហើយលោកបាននិយាយថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងពង្រីកការគាំទ្រជាចាំបាច់។ នេះបើយោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ដូវូន (Lee Do-woon)។
លោក យូន ក៏បានស្នើសុំការគាំទ្រពីប្រទេសព័រទុយហ្គាល់ផងដែរសម្រាប់ការឈរឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិធីតាំងពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសានភាគខាងត្បូង។
ការិយាល័យប្រធានាធិបតីបាននិយាយថា លោក កូស្តា បានសង្កត់ធ្ងន់ទៅលើឆន្ទៈដ៏មុតមាំរបស់ប្រទេសលោកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងបានសម្តែងការរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោកនឹងក្លាយជាឱកាសក្នុងការពង្រឹងទំនាក់ទំនងក្នុងវិស័យនានា ដូចជាវិស័យឧស្សាហកម្មអាគុយរថយន្តអគ្គីសនី ថាមពលកកើតឡើងវិញថ្មី និងគ្រឿងបន្លាស់រថយន្តជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន