លោកខាងលិចប្រតិកម្មចំពោះផែនការរបស់រុស្ស៊ី ក្នុងការពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស្ស

0

បរទេស៖ លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រ៉ូសស៊ីយ៉ា២៤ កាលពីថ្ងៃអាទិត្យថា ប្រទេសលោកខាងលិចមិនរំលឹកឡើងវិញនូវអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុបនោះទេ ប៉ុន្តែពួកគេបានឆ្លើយតបយ៉ាងហួសចិត្តចំពោះចេតនារបស់ប្រទេសរុស្ស៊ីក្នុងការសាងសង់កន្លែងផ្ទុកអាវុធបែបនេះនៅក្នុងប្រទេសបេឡារុស្ស។

លោកបាននិយាយថា «សមូហភាពលោកខាងលិចមិនមានទំនោរចង់រំលឹកឡើងវិញនូវប្រធានបទនៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅអឺរ៉ុបជុំវិញប្រទេសរបស់យើងនោះទេ ប៉ុន្តែក្នុងករណីនេះ ពួកគេមានទំនោរទៅនឹងប្រតិកម្មដ៏ហួសចិត្តចំពោះផែនការរបស់យើងក្នុងការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងទឹកដីនៃប្រទេសបេឡារុស្ស»។

នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស តាមសំណើរបស់ភាគីបេឡារុស្ស ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាយូរមកហើយនៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ លោកបានបញ្ជាក់ថា ភាគីទាំងពីរមិនទាន់បានពិភាក្សាអំពីការផ្ទេរអាវុធនៅឡើយទេ។ យោងតាមមេដឹកនាំរុស្ស៊ីរូបនោះបានឱ្យដឹងថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីនៃប្រទេសបេឡារុស្សនឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែកក្កដា៕

ប្រភព៖ ក្រសួងព័ត៌មាន