បរទេស៖ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវថៃកសិករ (KResearch) បានបង្ហាញថា ប្រទេសថៃនឹងក្លាយជាសង្គមមនុស្សចាស់នៅត្រឹមឆ្នាំ២០២៩ ដោយសារតែចំនួនទារក និងក្មេងជំទង់មានការធ្លាក់ចុះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ចំនួនទារកទើបនឹងកើតបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើង និងបន្តថយចុះក្នុងរយៈពេលពីរឆ្នាំខាងមុខ ខណៈដែលអត្រាមរណភាពមានការកើនឡើង។
អាក្រក់ជាងនេះទៅទៀតនោះ អត្រាកំណើតក្នុងប្រទេសថៃឥឡូវនេះ គឺមានចំនួន ០,៧៦% ក្នុងមួយឆ្នាំ ហើយមានតែ ១,៣៣% ប៉ុណ្ណោះដែលជាប្រជាជនក្មេងជំទង់។
ចំនួននេះមានភាពខុសគ្នាខ្លាំងពីអ្វីដែលបានកើតឡើងក្នុងប្រទេសថៃក្នុងអំឡុងពេល Baby Boomers ដែលរាប់បញ្ចូលទាំងប្រជាជនដែលបានកើតនៅចន្លោះឆ្នាំ១៩៦៣ និងឆ្នាំ១៩៨៣។ នៅក្នុងឆ្នាំនេះ ក្រុមប្រជាជននៃយុគសម័យ Baby Boomers ចំនួន ១លាននាក់នឹងមានអាយុ ៦០ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អ្វីៗជាច្រើនដូចជាជំងឺរាតត្បាត និងការព្រួយបារម្ភរបស់ប្រជាជនអំពីការចំណាយសម្រាប់ជីវភាពរស់នៅ កំពុងបន្ថែមនិន្នាការនៃការថយចុះចំនួនប្រជាជននេះ។ និន្នាការមួយចំនួននាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រជាជនមួយចំនួនកំពុងសម្រេចចិត្តមិនបង្កើតកូនដែលប៉ះពាល់ដល់តួលេខទាំងនេះ។
ជាងនេះទៅទៀត អាជីវកម្មកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារចំនួនប្រជាជនមានការថយចុះ មានន័យថា មានអតិថិជនសក្តានុពលកាន់តែតិចទៅៗ។ ដើម្បីរកចំណូលដែលបាត់បង់ ក្រុមហ៊ុនអាជីវកម្មត្រូវផ្តោតជាសំខាន់ទៅលើប្រជាជនដែលមានថវិកាច្រើនក្នុងការចំណាយ។
KResearch បានស្នើឱ្យមានការផ្លាស់ប្តូរទំនិញ ឬសេវាកម្ម ដើម្បីងាយស្រួលសម្រាប់មនុស្សចាស់ក្នុងការប្រើប្រាស់ ដោយសារពួកគេភាគច្រើនមានបញ្ហាថវិកា ហើយពួកគេគិតអំពីសេវាកម្មទាំងនេះក្នុងបរិបទនៃទីផ្សារពិភពលោកដែលកាន់តែចាស់ទៅៗ។
ក្រុមស្រាវជ្រាវនោះក៏បានស្នើឱ្យមានការពន្លឿនដំណាក់កាលនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍសម្រាប់កម្មករថ្មី ដើម្បីឱ្យក្រុមហ៊ុនអាជីវកម្មអាចធ្វើសកម្មភាពបានយ៉ាងឆាប់រហ័សទៅនឹងនិន្នាការអាជីវកម្មដែលកំពុងបន្តផ្លាស់ប្តូរ៕
ប្រភព៖ ក្រសួងព័ត៌មាន