សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើន ៦,៦ភាគរយ នៅឆ្នាំ២០២៣

0

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពជា ត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៦,៦ភាគរយ នៅឆ្នាំ២០២៣ បន្ទាប់ពីឆ្នាំកន្លងទៅមានកំណើនក្នុងរង្វង់ប្រមាណ៥,៥ភាគរយនោះ។ នេះបើតាមសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចេញផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣។

ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅនិងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ជ សុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់ បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ប្រមាណ៥,៥ភាគរយ ហើយសម្រាប់ឆ្នាំ២០២៣នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា៦,៦ភាគរយ។ កម្ពុជាបានអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។

ក្នុងសារលិខិតសម្ដេចតេជោក៏បានលើកឡើងថា ទំហំពាណិជ្ជកម្មអន្ដរជាតិមានប្រមាណជាង ៤៨ ១៥១ លាន ដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង ២០ ៤៦០ លានដុល្លារអាម៉េរិក និងការនាំចូលមានប្រមាណជាង ២៧ ៦៩១លានដុល្លារអាម៉េរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិនៅឆ្នាំ២០១៨ មាន ១៤ ៦២៩ លានដុល្លារអាម៉េរិក ហើយបន្ត កើនឡើងនៅឆ្នាំ២០២២ ដល់ ១៧ ៨០៥ លានដុល្លារអាម៉េរិក និងត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិន ឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូល សន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្ដីពីវិនិយោគិន ព្រះរាជាណាចក្រកម្ពុជានឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញនិងប្រសើរជាងមុន។ ផលិតផលក្នុងស្រុកសរុប (ផសស) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ៧៣០ ដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០២១ ដល់ប្រមាណ ១ ៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ និងត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ។

ចំពោះវិស័យកសិកម្ម ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យបរិមាណផលិតផលស្រូវ រដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង ១១,៦២ លានតោន មានការកើនឡើង បើធៀបនឹង ឆ្នាំ២០២១ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង ៦,២៩ លានតោន គិតជាអង្ករស្មើនឹងជាង ៤លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦៣៧ពាន់តោន ទៅកាន់ទិសដៅ៥៧ប្រទេស។ ចំណែកវិស័យឧស្សាហកម្មនិងសិប្បកម្ម រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួន ១ ៩៨២ រោងចក ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្ម ជាង ៤៣ ៩៩៧ មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង១៤លាននាក់។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារអាម៉េរិក រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីការអនុវត្ត គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា រាជរដ្ឋាភិបាលក៏នៅតែបន្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ(ក្រ១និងក្រ២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ការបន្ត អនុវត្តន៍កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីអន្តរាគមន៍លើផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ ព្រមទាំងការជួយឧបត្ថម្ភក្រុមគ្រួសារដែលជាការអនុវត្ត គម្រោងអភិវឌ្ឍន៍តំបន់រុនតាឯកនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែងជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាន សម្របសម្រួលជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរនៅបរទេសចំនួន ៧ ៩៥៣ នាក់(ស្រី៣ ៦៩៣ នាក់) ពីប្រទេសមួយចំនួន មានថៃ ចិន ម៉ាឡេស៊ី វៀតណាម ឡាវ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី ជាដើម។ ចំពោះវិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ៥៤១ អគារ ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួន។ ឯវិស័យទេសចរណ៍ មានភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ២,២៨លាននាក់ កើនឡើងប្រមាណ ១ ០៥៩ ភាគរយ និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ១៣,៩៣លាននាក់ កើនឡើងប្រមាណ១៩៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ១ ៤១៥ លានដុល្លារអាម៉េរិកហើយចំណូល ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង១១,៥២ លានដុល្លារអាម៉េរិក និងមាន ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង ២៨,៧ម៉ឺននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន