បរទេស៖ យោងតាមរដ្ឋមន្ត្រីក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសឥណ្ឌូណេស៊ី លោក តេទែន ម៉ាស់ឌូគី (Teten Masduki) បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំធ្វើយ៉ាងណាឱ្យទទួលបានសហគ្រិនថ្មីចំនួន ១លានបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអភិវឌ្ឍ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមដំណើរការកម្មវិធីមជ្ឈមណ្ឌលសហគ្រាសហ្សាការតា (Entrepreneur Hub Jakarta) កាលពីថ្ងៃទី៥ ខែមេសា លោក តេទែន ម៉ាស់ឌូគី បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសហគ្រិនថ្មីឱ្យបានចំនួន ១លាននេះ និងបង្កើនអត្រាសហគ្រិនដល់ ៣,៩៥% នៅត្រឹមឆ្នាំ២០២៤ ដែលវាត្រូវបានផ្តួចផ្តើមឡើងតាមរយៈកម្មវិធីនេះ។
យោងតាមលោក ម៉ាស់ឌូគី បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីត្រូវរៀបចំសហគ្រិនឆ្នើម ដោយសារសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ប្រមាណ ៦៤លាននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើននៅតែជាអាជីវកម្មខ្នាតតូច។
នៅក្នុងប្រទេសអភិវឌ្ឍ អត្រានៃភាពជាសហគ្រិនបានកើនឡើងពី ១០% ទៅ ១២% ដោយលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការបង្កើតយុវជនដែលមានការអប់រំខ្ពស់ដែលចូលរួមនៅក្នុងពិភពធុរកិច្ច លើកទឹកចិត្តដល់យុវជន ឬប្រជាជនដែលមានការអប់រំឱ្យធ្វើអាជីវកម្មដើម្បីឱ្យសហគ្រិនក្នុងស្រុកអាចប្រកួតប្រជែងក្នុងកម្រិតសកលលោកបាន។
ដោយមើលឃើញពីគោលដៅប្រកបដោយមហិច្ឆិតានេះ លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា នៅមានចំណុចមួយចំនួនទៀតដែលនឹងត្រូវការការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជាប្រទេសអភិវឌ្ឍ។ ជាឧទាហរណ៍ ប្រទេសនេះទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីដែលតភ្ជាប់តាមប្រព័ន្ធឌីជីថល ដែល MSME អាចមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន។
លោកបាននិយាយបន្ថែមថា លើសពីនេះទៀត សហគ្រាសខ្នាតតូច និងមធ្យមក៏ត្រូវភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផងដែរ ដើម្បីពួកគេអាចក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងទំនិញសម្រេច៕
ប្រភព៖ ក្រសួងព័ត៌មាន