បរទេស៖ គណបក្សភឿថៃបានដាក់បញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រីបីរូបជាផ្លូវការទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃកាលពីថ្ងៃទី៥ ខែមេសា។
បេក្ខភាពទាំងនោះរួមមាន លោកស្រី ពែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាប្រធានទីប្រឹក្សាគណបក្ស និងជាប្រធាន «គ្រួសារ» របស់គណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) អតីតមហាសេដ្ឋីអចលនទ្រព្យ និងជាទីប្រឹក្សារបស់លោកស្រី ពែនតុងតាន និងលោក ចៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) ដែលជាប្រធានយុទ្ធសាស្ត្រ និងទិសដៅនយោបាយរបស់គណបក្ស។
បញ្ជីឈ្មោះនោះត្រូវបានបញ្ជូនទៅកាន់ EC ដោយលោក ប្រាសេត ចាន់ថារួងថុង (Prasert Chantharauangthong) ដែលជាអគ្គលេខាធិការគណបក្ស។
បណ្តាគណបក្សនយោបាយរបស់ប្រទេសថៃនឹងដាក់សំណើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនរហូតដល់ថ្ងៃទី៧ ខែមេសានេះ ដោយគណបក្សនីមួយៗត្រូវបានអនុញ្ញាតឱ្យដាក់ស្នើបេក្ខភាពចំនួនបីរូប។
ប្រព័ន្ធផ្សព្វផ្សាយថៃបាននិយាយថា ក្នុងចំណោមគណបក្សចំនួន៥៤ ដែលបានដាក់ឈ្មោះបេក្ខភាពក្នុងបញ្ជីគណបក្សរបស់ពួកគេទៅកាន់ EC កាលពីថ្ងៃទី៤ ខែមេសា មានតែគណបក្សចំនួន២៤ ប៉ុណ្ណោះដែលបានដាក់បញ្ជូនបញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។
ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីល្បីៗរបស់ប្រទេសថៃ រួមមានលោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) និងលោក ពីរ៉ាផាន សាលីរ៉ាថាវីបាកា (Pirapan Salirathavibhaga) របស់គណបក្សរួបរួមជាតិថៃ (UTN) លោក អានុទីណ ចាន់វីរៈគុល (Anutin Charnvirakul) របស់គណបក្សភូមិចៃថៃ (Bhumjaithai) លោក វ៉ូរ៉ាវុធ សីលប៉ា-អាចា (Worawut Silpa-archa) របស់គណបក្សឆាតថៃប៉ាតាណា (Chart Thai Pattana) លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) របស់គណបក្សប្រជាធិបតេយ្យ លោក ពីតា លីមចារើនរ៉ាត (Pita Limjaroenrat) របស់គណបក្សឆ្ពោះទៅមុខ លោកឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ាន់ (Prawit Wongsuwan) របស់គណបក្សបល្ល័ង្កប្រាចារ៉ាត់ (Palang Pracharath) លោក សេរីពិសិទ្ធ តេមីយ៉ាវេស របស់គណបក្សសេរីនិយមថៃ និងបេក្ខភាពបីរូបរបស់គណបក្សថៃសាងថៃ គឺលោកស្រី ឃុនយីង ស៊ូដារ៉ាត កេយូរ៉ាផាន (Khunying Sudarat Keyuraphan) លោក ស៊ូផាន មង្គលស៊ូទ្រី (Suphan Mongkolsuthree) និងលោក ស៊ីតា ទីវ៉ារី (Sita Tiwari)៕
ប្រភព៖ ក្រសួងព័ត៌មាន