គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទទួលបានផ្លែផ្កាដ៏សម្បូរបែបនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ

0

បរទេស៖ កិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) កាន់តែស៊ីជម្រៅ និងជាក់ស្តែង ហើយទទួលបានផ្លែផ្កាដ៏សម្បូរបែបក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើង។

គិតត្រឹមពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើម BRI ជាង ២០០ឯកសារជាមួយប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន៣២។

នៅចុងឆ្នាំ២០២២ សហគ្រាសចិនបានបណ្តាក់ទុនសរុបចំនួន ៥៧,១៣ប៊ីលានដុល្លារអាម៉េរិក និងបង្កើតការងារក្នុងស្រុកចំនួន ៤២១.០០០ នៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេសដែលបានសាងសង់នៅក្នុងបណ្តាប្រទេសនៃគំនិតផ្តួចផ្តើម BRI ។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្តាប្រទេសនៃគំនិតផ្តួចផ្តើម BRI ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់ចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងផងដែរ។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានធ្វើដំណើរសរុបចំនួន២.៦៩៨ជើង និងដឹកជញ្ជូនកុងតឺន័របានចំនួន ២៨៧.០០០គ្រឿង ស្មើនឹង ២០ហ្វីត ដែលតួលេខនេះកើនឡើង ៨% និង ១៨% រៀងគ្នា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនដែលស្ថិតក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម BRI ត្រូវបានអនុវត្ត និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅតាមបណ្តាប្រទេសនានានៃគំនិតផ្តួចផ្តើម BRI។

គម្រោងទាំងនេះរួមមានគម្រោងធំៗមួយចំនួន ដូចជាគម្រោងផ្លូវរថភ្លើងចិន-ឡាវ និងផ្លូវរថភ្លើងប៊ែលហ្រ្កាដ-ប៊ូដាប៉េស ក៏ដូចជាគម្រោង «តូច និងស្រស់ស្អាត» ក្នុងវិស័យកសិកម្ម សុខភាព និងការកាត់បន្ថយភាពក្រីក្រផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន