បរទេស៖ កាលពីថ្ងៃទី៥ ខែមេសា ក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ីបានរៀបចំសន្និសីទមួយ ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មថាមពលពហុភាគីនៅក្នុងតំបន់អាស៊ាន ដែលគាំទ្រដល់សន្តិសុខថាមពលនៅក្នុងតំបន់។
ថ្លែងមតិក្នុងព្រឹត្តិការណ៍នោះ រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូណេស៊ី លោក អារីហ្វីន តាស្រ៊ីហ្វ (Arifin Tasrif) បានអះអាងថា សន្តិសុខថាមពល និងចីរភាពកំពុងក្លាយជាសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបណ្តាប្រទេសនៅអាស៊ាន ដោយសារការកើនឡើងតម្លៃថាមពលពិភពលោក ហើយនេះក៏ជាកម្លាំងចលករក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។
លោក អារីហ្វីន បាននិយាយថា ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងមានការកើនឡើង ខណៈដែលការបន្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នៅក្នុងតំបន់អាស៊ាន ចាំបាច់ត្រូវការការវិនិយោគបន្ថែមក្នុងការបង្កើតថាមពលពីថាមពលកកើតឡើងវិញ និងការពង្រីកប្រព័ន្ធថាមពល ដោយលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងប្រព័ន្ធពាណិជ្ជកម្មថាមពលពហុភាគីនៅក្នុងអាស៊ាន ដែលហៅថា ASEAN Power Grid (APG)។
ការចែករំលែកទស្សនៈដូចគ្នានេះ នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លោកសាស្ត្រាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) បាននិយាយថា APG គឺជាគម្រោងដ៏សំខាន់មួយសម្រាប់អាស៊ាន។ ដូច្នេះ វិទ្យាស្ថានកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលកម្រិតខ្ពស់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន៕
ប្រភព៖ ក្រសួងព័ត៌មាន