បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយប្រទេសម៉ាឡេស៊ី ស្តីពីការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី (AMF) ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារអាម៉េរិក។
លោក អាន់វ៉ា បាននិយាយនៅក្នុងសភាម៉ាឡេស៊ីកាលពីថ្ងៃទី៤ ខែមេសាថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការចុងក្រោយរបស់លោកទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន។
លោកបានបញ្ជាក់ថា គ្មានហេតុផលណាមួយដែលប្រទេសមួយចំនួន ដូចជាប្រទេសម៉ាឡេស៊ីជាដើមដែលត្រូវបន្តពឹងផ្អែកទៅលើប្រាក់ដុល្លារអាម៉េរិកនោះទេ។
បច្ចុប្បន្ននេះ ធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីកំពុងធ្វើការងារទៅលើការអនុញ្ញាតឱ្យប្រទេសទាំងពីរអាចចរចារលើបញ្ហាពាណិជ្ជកម្មដោយប្រើប្រាក់រីងហ្គីត និងប្រាក់យ៉េន។
លោក អាន់វ៉ា បាននិយាយថា លោកបានស្នើវាឡើងនៅក្នុងអំឡុងពេលអាណត្តិរបស់លោកជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែនៅពេលនោះ គំនិតនេះមិនបានទទួលបានការចាប់អារម្មណ៍នៅអាស៊ីទេ ដោយសារប្រាក់ដុល្លារអាម៉េរិកកំពុងមានការចាប់អារម្មណ៍ខ្លាំង។
ប៉ុន្តែឥឡូវនេះ ជាមួយនឹងភាពរឹងមាំខាងសេដ្ឋកិច្ចរបស់ប្រទេសចិន ជប៉ុន និងប្រទេសដទៃទៀត វាគួរតែត្រូវបានពិភាក្សា។
លោក អាន់វ៉ា ក៏បានលើកឡើងនូវគំនិតនៃការបង្កើត AMF នៅវេទិកា Boao ក្នុងទីក្រុងហៃណានរបស់ប្រទេសចិនផងដែរកាលពីសប្តាហ៍មុន ដោយបង្ហាញពីតម្រូវការក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារអាម៉េរិក ឬមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕
ប្រភព៖ ក្រសួងព័ត៌មាន