បរទេស៖ ប្រធានាធិបតីហ្វាំងឡង់ លោក សូលី នីនីស្តូ (Sauli Niinisto) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចូលជាសមាជិកភាពអង្គការណាតូរបស់ប្រទេសហ្វាំងឡង់មិនមានគោលបំណងប្រឆាំងនឹងប្រទេសណាមួយនោះទេ។
លោក នីនីស្តូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញសង្គមធ្វីតធើរកាលពីថ្ងៃអង្គារថា «សមាជិកភាពរបស់ប្រទេសហ្វាំងឡង់នៅក្នុងអង្គការណាតូ មិនត្រូវបានតម្រង់ទិសប្រឆាំងនឹងប្រទេសណាមួយទេ។ វាមិនមានការផ្លាស់ប្តូរមូលដ្ឋានគ្រឹះ ឬគោលបំណងនៃគោលនយោបាយការបរទេស និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់នោះទេ។ ហ្វាំងឡង់ គឺជាប្រទេសដែលមានស្ថិរភាព និងអាចព្យាករបាន ដែលស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ។ គោលការណ៍ និងគុណតម្លៃមានសារៈសំខាន់ណាស់សម្រាប់ប្រទេសហ្វាំងឡង់ដែលនឹងបន្តដឹកនាំគោលនយោបាយការបរទេសរបស់យើងនាពេលអនាគត»។
យោងតាមលោក នីនីស្តូ បានឱ្យដឹងថា ការចូលជាសមាជិករបស់ទីក្រុងហ៊ែលស៊ីនគី (Helsinki) ទៅកាន់ប្លុកនេះ គឺជាការបញ្ចប់យុគសម័យនៃការមិនចូលបក្សសម្ព័ន្ធយោធានៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសហ្វាំងឡង់។ លោកបានគូសបញ្ជាក់ថា សមាជិកភាពរបស់ប្រទេសហ្វាំងឡង់នៅក្នុងអង្គការណាតូនឹងមិនពេញលេញទេបើគ្មានវត្តមានរបស់ប្រទេសស៊ុយអែត៕
ប្រភព៖ ក្រសួងព័ត៌មាន