នាយករដ្ឋមន្ត្រីចិន៖ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីស្ថិតនៅលើគោលការណ៍មិនចូលបក្សសម្ព័ន្ធ និងមិនប្រឈមមុខគ្នា

0

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) ថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីស្ថិតនៅលើគោលការណ៍មិនចូលបក្សសម្ព័ន្ធ និងមិនប្រឈមមុខគ្នា ហើយមិនមានគោលបំណងប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ។

ប៉ុស្តិ៍ទូរទស្សន៍កណ្តាលរបស់ប្រទេសចិនបានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងរវាងរុស្ស៊ី-ចិននៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងយុគសម័យថ្មីនេះ»។

នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងចិន និងរុស្ស៊ីស្ថិតនៅលើគោលការណ៍នៃការមិនចូលបក្សសម្ព័ន្ធជាមួយប្លុកណាមួយ មិនប្រឈមមុខដាក់គ្នា និងមិនមានគោលបំណងប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ» ដោយលោកបាននិយាយបន្ថែមថា ប្រទេសទាំងពីរបានប្តេជ្ញាចិត្តចំពោះគោលការណ៍នៃការទុកចិត្តគ្នា និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីនៅក្នុងខែមីនា ឆ្នាំ២០២៣។ នេះ គឺជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោកបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសឡើងវិញសម្រាប់អាណត្តិមួយទៀត។ ដំណើរទស្សនកិច្ចនេះសម្រេចបាននូវកញ្ចប់ឯកសារ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី និងសេចក្តីថ្លែងការណ៍រួមស្តីពីផែនការអភិវឌ្ឍមុនឆ្នាំ២០៣០ ស្តីពីអាទិភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន-រុស្ស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន