បរទេស៖ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា វិទ្យាស្ថានសើស្បែកនៃប្រទេសថៃកំពុងផ្តល់សេវាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំង Gen2-Bivalent Pfizer នៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅផ្លូវរ៉ាចាវីធីនៃនៅទីក្រុងបាងកក។
សេវាកម្មនេះអាចអនុវត្តបានសម្រាប់ពលរដ្ឋថៃ ជនបរទេស និងពលករចំណាកស្រុកដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ នេះជាការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងចុងក្រោយបំផុតរបស់ពួកគេជាង ៤ខែមុន។
សេវាកម្មនេះអាចទទួលបានចាប់ពីថ្ងៃទី៥-៨ ខែមេសា និងថ្ងៃទី១០-១១ ខែមេសា ចាប់ពីម៉ោង ៩:០០ព្រឹកដល់ម៉ោង ៣:០០រសៀល ឬរហូតដល់ពេលមានការជូនដំណឹងបន្ថែម។
ក្រៅពីនោះ គេក៏មានវ៉ាក់សាំង AstraZeneca សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅផងដែរ។
ការកក់ទុកជាមុនអាចត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ https://covid19.iod.go.th/vaccine យ៉ាងហោចណាស់មួយថ្ងៃមុន។
នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខភាពសាធារណៈថៃបានរាយការណ៍ថា នៅចន្លោះថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៦៧ករណី ឬជាមធ្យម ២៤ករណីក្នុងមួយថ្ងៃ។
នាយកដ្ឋាននោះបាននិយាយថា ចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ៣ករណី ដោយបាននិយាយបន្ថែមថា មានអ្នកជំងឺចំនួន ៣០ករណីដែលមានការឆ្លងមេរោគសួត និង ២១ករណីដែលត្រូវការជំនួយអុកស៊ីហ្សែន៕
ប្រភព៖ ក្រសួងព័ត៌មាន