បរទេស៖ ជាមួយនឹងយុទ្ធសាស្រ្តនៃការសម្របខ្លួន កំណែទម្រង់ និងកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ីកំពុងងើបឡើងវិញយ៉ាងខ្លាំងពីផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយបានក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ីបានកែសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីសម្របខ្លួនទៅនឹងនិន្នាការទេសចរណ៍ថ្មីៗ។ ជំហានដែលត្រូវអនុវត្ត រួមមានការស្តារឡើងវិញ និងការពង្រីកទីផ្សារ ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការកែលម្អគុណភាពកម្លាំងពលកម្ម ការស្ដារឡើងវិញនូវទិសដៅ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការលើកកម្ពស់ការសម្របខ្លួន និងការប្រកួតប្រជែងរបស់ក្រុមហ៊ុនធុរកិច្ច។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រដ្ឋមន្ត្រី Sandiaga Uno បាននិយាយថា ក្នុងរយៈពេលក្រោយជំងឺរាតត្បាត វិស័យទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ីនឹងផ្តោតលើគុណភាព និងនិរន្តរភាព ហើយសម្របខ្លួនទៅនឹងនិន្នាការទេសចរណ៍ថ្មី។
មុនពេលមានជំងឺរាតត្បាតកូវីដ១៩ ភ្ញៀវទេសចរទៅកាន់ប្រទេសឥណ្ឌូណេស៊ីភាគច្រើនមានអាយុចន្លោះពី ២០ឆ្នាំទៅ ៦០ឆ្នាំ ដោយធ្វើដំណើរជាមួយក្រុមគ្រួសារ ឬជាក្រុម ហើយស្វែងរកកន្លែងកម្សាន្តដ៏ពេញនិយមជាមួយនឹងតម្លៃសមរម្យ។ នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសភាគច្រើនជាយុវជនដែលធ្វើដំណើរតែម្នាក់ឯង ឬជាក្រុមតូចៗ ហើយជ្រើសរើសគោលដៅស្អាត និងសុវត្ថិភាពសម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ។
ការអភិវឌ្ឍវិស័យទេសចរណ៍ក៏នឹងផ្តោតសំខាន់ទៅលើសុខុមាលភាពបរិស្ថាន ការបង្ហាញមោទនភាពនៃវប្បធម៌ សង្គម និងចំណេះដឹងប្រពៃណីក្នុងស្រុក ក៏ដូចជាតុល្យភាពរវាងទេសចរណ៍ និងគុណភាពផងដែរ។
លោកបានកត់សម្គាល់ថា ក្រៅពីនេះ កិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្រោយជំងឺកូវីដ១៩ គឺការផ្តល់វិញ្ញាបនបត្រ CHSE (ស្អាត សុខភាព សុវត្ថិភាព និងបរិស្ថាន) ចំនួន ១២.០០០ ដល់ក្រុមហ៊ុនធុរកិច្ចទេសចរណ៍ក្នុងស្រុក ដោយលោកបាននិយាយបន្ថែមថា វិស័យទេសចរណ៍ក៏ត្រូវបំពេញនូវតម្រូវការផ្នែកអនាម័យ សុខភាព និងនិរន្តរភាពបរិស្ថានផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន