រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ បានចុះហត្ថលេខាលើឯកសារស្តីពីការចូលជាសមាជិកអង្គការណាតូហើយ

0

បរទេស៖ ក្រុមហ៊ុនផ្សព្វផ្សាយរបស់ហ្វាំងឡង់បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ប៉េកកា ហាវីស្តូ (Pekka Haavisto) បានចុះហត្ថលេខាលើឯកសារស្តីពីការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ នៅទីស្នាក់ការកណ្តាលរបស់អង្គការសម្ព័ន្ធមិត្តនេះ។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា ឯកសារនោះនឹងត្រូវប្រគល់ទៅឱ្យតំណាងសហរដ្ឋអាមេរិក។ បន្ទាប់មក សាធារណរដ្ឋមួយនេះនឹងក្លាយទៅជាសមាជិកពេញលេញរបស់អង្គការសម្ព័ន្ធមិត្តណាតូ។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានហៅពេលចុះហត្ថលេខានេះថា ជា «ប្រវត្តិសាស្ត្រមួយ»។ យោងតាមលោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងពេលដំណាលគ្នានោះ តំណាងប្រទេសតួកគីបានប្រគល់ឯកសារស្តីពីការផ្តល់សច្ចាប័នទៅលើសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ទៅក្នុងអង្គការសម្ព័ន្ធមិត្តណាតូដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken)។

ពិធីផ្លូវការនៃការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសម្ព័ន្ធិមិត្តនេះនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារ។ ពិធីនេះមានការចូលរួមពីប្រធានាធិបតីហ្វាំងឡង់ លោក សូលី នីនីស្តូ (Sauli Niinisto) រដ្ឋមន្ត្រីការបរទេស លោក ប៉េកកា ហាវីស្តូ និងរដ្ឋមន្ត្រីការពារជាតិ លោក អានទី កៃកូនែន (Antti Kaikkonen)។ សាធារណរដ្ឋមួយនេះនឹងក្លាយជារដ្ឋសមាជិកទី៣១ របស់អង្គការណាតូ៕

ប្រភព៖ ក្រសួងព័ត៌មាន