កណ្តាល៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២និង២០នាទី មានក្មេងទំនើងចំនួន៣នាក់ បានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្ត ម៉ាកFRETGHTLANER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3688 នៅចំណុចគល់ស្ពានព្រែកក្តាមត្រើយខាងកើត ភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បណ្ដាលឱ្យបែកកញ្ចក់រថយន្ត ផ្នែកខាងមុខខាងឆ្វេង បើកបរដោយឈ្មោះ យន ចាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
បន្ទាប់ពីកើតហេតុភ្លាមៗលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានដាក់បញ្ជាឱ្យកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលគប់កញ្ចក់រថយន្តខាងលើ ចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រោយទទួលបានបទបញ្ជាពីលោកអធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន ចុះធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យគប់កញ្ចក់រថយន្តខាងលើ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនបង្កបាន។នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១៤នាទី។
ជនសង្ស័យ ចំនួន០៣នាក់ (ឃាត់ខ្លួន)
១-ឈ្មោះ ហុង យ៉ាំងឡុក ហៅឡុង អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
២-ឈ្មោះ សំ វណ្ណះ ហៅណាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង ទីលំនៅបច្ចុប្បន្នភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
៣-ឈ្មោះ សេងអាន សេងឌឿន ហៅខ្មៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ ព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ បានសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាន់ដុំថ្មម្នាក់ចំនួន០១ដុំ គប់សំដៅទៅលើរថយន្តខាងលើ បណ្តាលឱ្យបែកកញ្ចក់រថយន្តខូចខាតប្រាកដមែន។
ជនសង្ស័យទាំង០៣នាក់ បានសារភាពបន្តទៀតថា៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ ជាង ពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅផឹកស៊ីនៅចំណុចហាងពុំចាំឈ្មោះ ក្បែរវត្តតាមាស ឃុំកោះចិន បន្ទាប់ពីផឹកស៊ីរួច នៅវេលាម៉ោងប្រហែល២១ជាង ពួកខ្លួនបានជិះម៉ូតូត្រឡប់មកវិញ និងបានយកម៉ូតូទៅទុក បន្ទាប់មកពួកខ្លួនបាននិយាយបបួលគ្នាទៅមើលល្ខោននៅចំណុចវត្តព្រែកជីក ភូមិព្រែកជីក ឃុំកោះចិន តែក្នុងពេលនោះឈ្មោះ ហុង យុំាងឡុក ហៅឡុង បាននិយាយបបួលឈ្មោះ សំ វណ្ណះ ហៅណាក់ និងឈ្មោះ សេងអាន សេងឌឿន ហៅខ្មៅ ថា៖«គប់ឡានគេបើកនៅលើស្ពានលេងមួយសិនកាត់សាញ ចាំទៅមើលល្ខោន» និយាយរួចពួកខ្លួន បានយល់ព្រមគ្នាក៏នាំគ្នារើសដុំថ្ម ពីក្រោមស្ពានព្រែកក្តាមត្រើយខាងកើត កាន់ជាប់និងដៃម្នាក់មួយដុំ ហើយនាំគ្នាដើរឡើងតាមកាំជណ្តើរដៃស្ពានច្រកខាងលិច ពេលដើរឡើងដល់លើស្ពាន នាំគ្នាដើរឆ្លងផ្លូវទៅខាងកើតវិញ ត្រង់ចំណុចកាំជណ្តើរដៃស្ពាន ខណះពេលនោះមានរថយន្តធន់ធំ សណ្ដោងកន្ទុយ បានបើកមកពីត្រើយខាងលិច ឆ្ពោះមកត្រើយខាងកើត ពេលបើករថយន្តមកជិតដល់កន្លែងដែលពួកខ្លួនកំពុងឈរ ខណះពេលនោះពួកខ្លួន បានធ្វើសកម្មភាពយកដុំថ្មដែលកាន់ជាប់និងដៃរៀងខ្លួនស្រាប់នោះ គប់សំដៅទៅលើរថយន្តខាងលើ ប៉ុន្តែពួកខ្លួនមិនដឹងថាគប់ត្រូវកន្លែងណាខ្លះទេ ក្រោយធ្វើសកម្មភាពរួចពួកខ្លួនបាននាំគ្នារត់គេចខ្លួនចុះតាមកាំជណ្តើរដៃស្ពានខាងកើតបាត់តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលរួចរាល់៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកពញាឮ