បរទេស៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គការណាតូ) លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) បានប្រកាសថា ប្រទេសហ្វាំងឡង់នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូនៅថ្ងៃទី៤ ខែមេសានេះ។
ការកត់សម្គាល់របស់លោកខាងលើនេះបានធ្វើឡើងបន្ទាប់ពីសភាតួកគីបានបោះឆ្នោតគាំទ្រការស្នើសុំរបស់ប្រទេសហ្វាំងឡង់ដើម្បីចូលរួមជាមួយអង្គការណាតូកាលពីថ្ងៃទី៣០ ខែមីនា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក ស្តូលធែនបឺក បាននិយាយថា «នេះគឺជាសប្តាហ៍ប្រវត្តិសាស្ត្រ។ ថ្ងៃស្អែក យើងនឹងស្វាគមន៍ប្រទេសហ្វាំងឡង់ក្នុងនាមជាសមាជិកទី៣១ របស់អង្គការណាតូ ដែលនឹងធ្វើឱ្យប្រទេសហ្វាំងឡង់កាន់តែមានសុវត្ថិភាព ហើយសម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំ»។ លោកបាននិយាយបន្ថែមទៀតថា «យើងនឹងលើកទង់ជាតិហ្វាំងឡង់ជាលើកដំបូងនៅទីនេះនៅទីស្នាក់ការអង្គការណាតូ។ វានឹងក្លាយជាថ្ងៃដ៏ល្អសម្រាប់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ និងសម្រាប់អង្គការណាតូទាំងមូល»។
លោក ជែនស៍ ស្តូលធែនបឺក បាននិយាយថា សម្ព័ន្ធមិត្តនៅក្នុងឆ្នាំ២០២២ បានធ្វើការសម្រេចចិត្តដើម្បីអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកនៃអង្គការណាតូ ហើយបានកត់សម្គាល់ថា ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ គឺជាដំណើរការផ្តល់សច្ចាប័នលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់អង្គការណាតូ៕
ប្រភព៖ ក្រសួងព័ត៌មាន