គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់

0

ពោធិ៍សាត់ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន ២នាក់ ស្ថិតនៅលើផ្លូវលេខ៥៣B ត្រង់ចំណុចខាងត្បូងអ្នកតាឃ្លាំងមឿងប្រហែល១០០ម៉ែត្រ ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងដោយសារ រថយន្តបើកបរប្រើប្រាស់ល្បឿនលឿន ធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យខូចខាត ម៉ូតូ ០១គ្រឿង ម៉ាកHONDA Airblack ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-9086 ក្រោយបង្កហេតុរថយន្តបានបើករត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

លោកអធិការបន្តថា ជនរងគ្រោះទី១-ឈ្មោះ ខន សុខឃឹម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ មានទីលំនៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ អ្នករួមដំណើរទី១-ឈ្មោះ ឃឹម ស្រីនីត ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន រងរបួសធ្ងន់ ។ អ្នករួមដំណើរទី២-ឈ្មោះ ឃឹម ស្រីណេ ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន រងរបួសធ្ងន់ ។ ជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំពោះសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ម៉ូតូ០១គ្រឿង សមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារវិញ ៕

ប្រភព៖ អគ្កស្នងការដ្ឋាននគរបាលជាតិ