កូរ៉េខាងត្បូង និងជប៉ុនកំពុងពិភាក្សាគ្នាអំពីការចាប់ផ្តើមដំណើរការបណ្តាញសន្ទនាពីរសម្រាប់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ

0

បរទេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុនកំពុងពិភាក្សាគ្នាអំពីការចាប់ផ្តើមដំណើរការបណ្តាញសន្ទនាពីរសម្រាប់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ ដែលជាការតាមដានពីកិច្ចប្រជុំកំពូលកាលពីខែមុនរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida)។

កិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសទាំងពីរនោះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែនេះ មុនពេលដែលលោក យូន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃទី២៦ ខែមេសា។

កិច្ចសន្ទនាសន្តិសុខជាតិដែលមានការចូលរួមពីមន្ត្រីថ្នាក់អគ្គនាយកនៃគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ និងអាជ្ញាធរការពារជាតិ ក៏ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងពេលដំណាលគ្នានោះផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា «យើងកំពុងពិភាក្សាអំពីកាលវិភាគលម្អិតជាមួយប្រទេសជប៉ុនសម្រាប់កិច្ចសន្ទនាទាំងពីរនោះ»។

មន្ត្រីម្នាក់ទៀតបាននិយាយថា គោលបំណង គឺត្រូវចាប់ផ្តើមដំណើរការនៃកិច្ចសន្ទនាទាំងពីរក្នុងខែតែមួយ បើទោះបីជាកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ក៏ដោយ។

កិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងត្រូវប្រើជាវេទិកាមួយដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងឧបករណ៍អេឡិចត្រូនិក យានយន្តអគ្គិសនី និងអាគុយ និងការឆ្លើយតបរួមគ្នារបស់ប្រទេសទាំងពីរចំពោះការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិន និងសម្ពាធសេដ្ឋកិច្ចផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ កិច្ចសន្ទនាសន្តិសុខជាតិត្រូវបានគេរំពឹងថានឹងជួយដល់ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូក្នុងការសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះការញុះញង់ដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាការបង្កើនទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង ចិន និងរុស្ស៊ីផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន