នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធានាដល់ការប្តេជ្ញាចិត្តវិនិយោគចំនួន ៣៨,៥៣ប៊ីលានដុល្លារអាម៉េរិក ពីប្រទេសចិន

0

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសថា ប្រទេសម៉ាឡេស៊ីបានធានាដល់ការប្តេជ្ញាចិត្តវិនិយោគចំនួន ១៧០ប៊ីលានរីងហ្គីត (៣៨,៥៣ប៊ីលានដុល្លារអាម៉េរិក) ពីប្រទេសចិន។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា លោក អាន់វ៉ា បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន១៩ រវាងក្រុមហ៊ុនធុរកិច្ចរបស់ចិន និងដៃគូម៉ាឡេស៊ី។

ថ្លែងនៅក្នុងវេទិកាធុរកិច្ចម៉ាឡេស៊ី-ចិន ឆ្នាំ២០២៣ កាលពីថ្ងៃទី១ ខែមេសា លោក អាន់វ៉ា បានថ្លែងអំណរគុណចំពោះវិនិយោគិនសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់ទំនុកចិត្តដល់ប្រទេសម៉ាឡេស៊ី។

លោកបានជំរុញអ្នកវិនិយោគចិន និងមេដឹកនាំក្រុមហ៊ុនធុរកិច្ចឱ្យបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងចាប់យកឱកាសដ៏ធំដែលរដ្ឋាភិបាលបច្ចុប្បន្នផ្តល់ឱ្យក្នុងការវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេល ១៤ឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំពាណិជ្ជកម្មសរុបចំនួន ១១០,៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន