បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទថា បណ្តាប្រទេសរបស់អង្គការណាតូបានផ្តល់ជំនួយយោធាចំនួន ៦៥ប៊ីលានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន ហើយបច្ចុប្បន្នកំពុងបង្កើតកម្មវិធីរយៈពេលវែងនៃការគាំទ្រផ្នែកយោធា។
លោក ស្តូលធែនបឺក បាននិយាយនៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូដែលនឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែមេសានេះថា «អង្គការសម្ព័ន្ធមិត្តបានផ្តល់ជំនួយយោធាចំនួន ៦៥ប៊ីលានអឺរ៉ូ ហើយខ្ញុំសូមស្វាគមន៍ដែលរថក្រោះប្រយុទ្ធទំនើប និងរថពាសដែកផ្សេងទៀតបានចាប់ផ្តើមបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន។ យើងនឹងពិភាក្សាអំពីរបៀបដែលយើងអាចបង្កើនការគាំទ្ររបស់យើង រួមទាំងការបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន»។ លោកបាននិយាយបន្ថែមថា «ដូច្នេះខ្ញុំរំពឹងថា បណ្តារដ្ឋមន្ត្រីទាំងអស់នឹងឯកភាពក្នុងការចាប់ផ្តើមការងារទៅលើការអភិវឌ្ឍកម្មវិធីពហុភាគីសម្រាប់ប្រទេសអ៊ុយក្រែន»៕
ប្រភព៖ ក្រសួងព័ត៌មាន