បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាសកលរបស់ប្រទេសថៃ បានចាប់ផ្តើមចុះឈ្មោះហើយ

0

បរទេស៖ បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាសកលរបស់ប្រទេសថៃបានចាប់ផ្តើមចុះឈ្មោះហើយកាលពីនៅថ្ងៃទី៣ ខែមេសា។

នៅក្នុងទីក្រុងបាងកកដែលមានមណ្ឌលបោះឆ្នោតចំនួន៣៣ និងមានអាសនៈសភាច្រើនជាងគេនោះ មានមេដឹកនាំ និងបេក្ខភាពសំខាន់ៗចុះឈ្មោះ ដែលភាគច្រើនមកពីគណបក្សនយោបាយធំៗរបស់ថៃមានវត្តមាននៅអគារ Keelawes 2 ក្នុងពហុកីឡដ្ឋានថៃ-ជប៉ុន ក្នុងសង្កាត់ឌីនដែង។

បេក្ខភាពត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះរហូតដល់ថ្ងៃទី៧ ខែមេសា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាសកលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា។

រហូតមកដល់ពេលនេះ ទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) និងគូប្រជែងដ៏ខ្លាំងរបស់លោក គឺលោកស្រី ពែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាអ្នកនយោបាយកំពូលម្នាក់របស់គណបក្សភឿថៃ នៅមិនទាន់បានចុះឈ្មោះដើម្បីឈរឈ្មោះសម្រាប់កៅអីតំណាងរាស្រ្តនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញថៃបានចែងថា គណបក្សនយោបាយដែលឈ្នះយ៉ាងតិច ២៥អាសនៈក្នុងសភាតំណាងរាស្រ្ត នឹងមានសិទ្ធិតែងតាំងបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នៅពេលមុននេះ គណបក្សរួបរួមជាតិថៃ (UTN) បានតែងតាំងជាផ្លូវការថា លោក ប្រាយុធ ជាបេក្ខភាពលេខរៀងទីមួយរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតជាសកលនាពេលខាងមុខនេះ។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយ បេក្ខភាពនឹងត្រូវឈ្នះយ៉ាងតិច ៣៧៦ សំឡេងនៃសមាជិកសភាទាំង ៥០០សំឡេង និងសមាជិកព្រឹទ្ធសភាទាំង ២៥០សំឡេង៕

ប្រភព៖ ក្រសួងព័ត៌មាន