បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយថា ប្រទេសរបស់លោកស្រីចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងនៅលើវិស័យមួយចំនួន រាប់ចាប់ពីវិស័យការពារជាតិរហូតដល់វិស័យសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍទីក្រុងថ្មីនូសាន់តារ៉ាផងដែរ។
កាលពីចុងសប្តាហ៍មុន លោកស្រី រេតណូ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះរវាងឥណ្ឌូណេស៊ី-កូរ៉េខាងត្បូងលើកទីបួនជាមួយសមភាគី លោក ផាក ជីន (Park Jin) នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីវិធានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
លោកស្រី រេតណូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំនេះមានសារៈសំខាន់ជាពិសេស ដូចដែលវាបានកើតឡើងក្នុងឱកាសខួបលើកទី៥០ នៃទំនាក់ទំនងការទូតទ្វេភាគី ក៏ដូចជាក្នុងអំឡុងពេលដែលប្រទេសឥណ្ឌូណេស៊ីកាន់តំណែងជាប្រធានអាស៊ាន និងក្រុមប្រទេស MIKTA (ដែលរួមមានប្រទេសម៉ិកស៊ិកូ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង តួកគី និងអូស្ត្រាលី)។
លោកស្រី រេតណូ ក៏បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនប្រសិទ្ធភាពនៃកិច្ចប្រជុំគណៈកម្មាធិការនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ (DICC) និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិជាន់ខ្ពស់ និងការទូត (SOM 2 2) ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រនានា ដូចជាសន្តិសុខសាយប័រ ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងការប្រឆាំងអំពើភេរវកម្ម។
ប្រទេសទាំងពីរក៏ត្រូវបន្តអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌូណេស៊ី-កូរ៉េខាងត្បូង (IK-CEPA) ខណៈដែលពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុត គឺមានចំនួន ២៤,៥៣ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើងបាន ៣៣% បើធៀបទៅនឹងឆ្នាំ២០២១។
ក្នុងឱកាសនោះ លោកស្រី រេតណូ បានលើកទឹកចិត្តដល់វិស័យឯកជនរបស់កូរ៉េខាងត្បូងឱ្យបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី ដូចជាក្នុងឧស្សាហកម្មដែកថែប គីមីឥន្ធនៈ អាគុយរថយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍរដ្ឋធានីថ្មី នូសាន់តារ៉ា។ លោកស្រីក៏បានជំរុញឱ្យមានការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរដែរ ដោយមានគោលដៅស្វាគមន៍ភ្ញៀវទេសចរកូរ៉េខាងត្បូងចំនួន ៣០០.០០០នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន