២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសជាង ១៥ម៉ឺននាក់

0

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ឲ្យដឹងថា រយ:ពេល ២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសជាង ១៥ម៉ឺននាក់ មានការកើនឡើង ១២,៤៥% ធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ ២០២២។ លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ទីក្រុងស្អាត-កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។

លោក យុន លីនណេ បានលើកឡើងថា សៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ សម្រាប់រយ:ពេលពីរខែដើមឆ្នាំ២០២៣ នេះ ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិ ចំនួនជាង ១៥ម៉ឺននាក់ ដែលមានការកើនឡើង ១២,៤៥% ធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ ២០២២។

លោកបន្តថា ការសម្រេចបានលទ្ធផលទេសចរណ៍ប្រកបដោយក្តីសង្ឃឹមនេះ បានឆ្លុះបញ្ចាំងដោយ កត្តា រួមផ្សំជាច្រើនរួមមាន៖ ទី១ សុខសន្តិភាព ទី២ ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសង្គមបានល្អ រហូតឈាន ដល់មានការទទួលស្គាល់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក (ក្នុង ចំណោម ១៦៦ប្រទេស) ដែលបានធ្វើឱ្យកម្ពុជាក៏ដូចជាខេត្តសៀមរាប ក្លាយជាគោលដៅ សុវត្ថិភាពសម្រាប់ទទួលទេសចរជាតិ-អន្តរជាតិ។ ទី៣). ការត្រៀមលក្ខណ:សម្បត្តិនៃឧស្សាហកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាបយើងដែលផ្តោតសំខាន់ទៅលើការពង្រឹងគោលដៅទេសចរណ៍ និងឧស្សាហកម្មទេសចរណ៍ក្នុងការត្រៀមទទួលទេសចរឡើងវិញតាមរយ:ការអនុវត្តបានជោគជ័យ តាមវិធានការសុខាភិបាល, បទប្បញ្ញត្តិ, វិធានការរដ្ឋបាល និងជាពិសេសការ ដាក់ចេញឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មទេសចរណ៍ ។

លោក យុន លីនណេ បញ្ជាក់ថា៖ ដើម្បីចូលរួមក្នុងការរៀបចំខេត្តសៀមរាបឱ្យសាកសមជាខេត្តទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ ចំណងដៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុង បន្ថែមពីនេះក៏មានការរៀបចំសោភណ្ឌភាពដងស្ទឹងសៀមរាប ការស្ដារ និងសាងសង់បណ្ដាញលូទឹកភ្លៀង លូទឹកកខ្វក់ ការរៀបចំ ចំណតនៅតាមដងផ្លូវជាតិលេខ៦ ការបំពាក់កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ ការបំពាក់អំពូលបំភ្លឺសាធារណ:សន្សំសំចៃថាមពល(LED) និងភ្ជាប់ដោយប្រព័ន្ធបញ្ហាស្វ័យប្រវត្តិ ដែលធ្វើឱ្យតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបត្រូវបានបំភ្លឺ។ ក្រុងសៀមរាបត្រូវបានកំពុងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់រឹង រាវ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ដើម្បីឱ្យសក្តិសមជាសមាជិកទីក្រុងឆ្លាតវៃអាស៊ាន ផងដែរ។ បើទោះបីជាមានការជ្រោមជ្រែងពីសំណាក់អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងណាក្តី ការប្រែក្លាយសៀមរាប ទៅជាទីក្រុងវៃឆ្លាត អាស៊ាន ក៏ត្រូវការចូលរួមចាំបាច់ពីសំណាក់សាធារណជនបន្ថែមទៀតផងដែរ។

អគ្គលេខាធិការរងនៃគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ឯកឧត្តម ហួត រិទ្ធី លើកឡើងថា កម្ពុជាត្រូវបានតែងតាំងជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួកីលាស៊ីហ្គេមលើកទី៣២ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានស្មគ្រ័ចិត្តធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។

ឯកឧត្តម បញ្ជាក់ថា៖បេសកកម្មនៃយុទ្ធនាការ “ទីក្រុងស្អាត-កម្ពុជាស្អាត” គឺជាសូចនាករដ៏សំខាន់សំដៅបញ្រ្ជាបការយល់ដឹងដល់សាធារណជន ពិសេសយុវជនក្នុងសកម្មភាពប្រចាំថ្ងៃក៏ដូចជាសកម្មភាពកីឡាចូលរួមលើកស្ទួយភាពស្អាត បៃតង និងសុវត្ថិភាព ក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ប្រកបដោយចីរភាព តាមរយ:ការយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងការលើកស្ទួយវប្បធម៌ប្រពៃណី៕ឮ

ប្រភព៖ ក្រសួងព័ត៌មាន