រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បើកការប្រជុំទាក់ទងនឹងការផ្គត់ផ្គង់អាវុធដល់កងទ័ព

0

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ (Sergey Shoigu) បានដឹកនាំកិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលនៃកងកម្លាំងចម្រុះ ស្តីពីការផ្គត់ផ្គង់អាវុធដល់កងទ័ព។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ ស៊ែរហ្គេយ សូហ្គូ បានទៅទស្សនកិច្ចទីស្នាក់ការកណ្តាលនៃកងកម្លាំងចម្រុះ ដើម្បីស្តាប់របាយការណ៍អំពីស្ថានភាពបច្ចុប្បន្ន និងជួបប្រជុំជាមួយមេបញ្ជាការក្រុមការងារ និងអនុរដ្ឋមន្ត្រីការពារជាតិ ស្តីពីការផ្គត់ផ្គង់អាវុធដល់កងទ័ព»។

លោក សូហ្គូ បានចង្អុលបង្ហាញថា «រដ្ឋាភិបាល និងក្រសួងការពារជាតិរុស្ស៊ី រក្សាការផ្គត់ផ្គង់គ្រឿងសព្វាវុធឱ្យស្ថិតក្រោមការគ្រប់គ្រង»។

លោក សូហ្គូ បានប្រកាសថា ប្រទេសរុស្ស៊ីបានបង្កើនការផលិតអាវុធដែលមានភាពជាក់លាក់ខ្ពស់។ លោក សូហ្គូ បាននិយាយដូចដែលបានលើកឡើងដោយក្រសួងការពារជាតិថា «ជំហានដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងបង្កើនផលិតភាព បានធ្វើឱ្យវាអាចបង្កើនការផលិតអាវុធសម្រាប់កងទ័ពបានយ៉ាងច្រើន រួមទាំងអាវុធធម្មតា និងអាវុធដែលមានភាពជាក់លាក់ខ្ពស់។ ទាំងអស់នេះនឹងអនុញ្ញាតឱ្យយើងសម្រេចបាននូវគោលដៅដែលកំណត់ដោយអគ្គមេបញ្ជាការកំពូលបាន ដោយផ្អែកទៅលើផែនការនៃប្រតិបត្តិការយោធាពិសេស»។

អ្នកចូលរួមកិច្ចប្រជុំនោះក៏បានពិភាក្សាគ្នាផងដែរអំពីវិធីក្នុងការបង្កើនការផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់កងទ័ពរុស្ស៊ី រួមទាំងតម្រូវការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន