បរទេស៖ ធនាគារពិភពលោក (WB) រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងកើនឡើង ៣,៦% នៅក្នុងឆ្នាំ២០២៣ នេះ ដោយកើនឡើងពីចំនួន ២,៦% កាលពីក្នុងឆ្នាំ២០២២ ដោយសារគាំទ្រពីការប្រើប្រាស់ក្នុងស្រុក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការកើនឡើងនៅក្នុងប្រទេសចិន។
ប្រធានសេដ្ឋវិទូរបស់ធនាគារ WB សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក អាឌិធ្យ៉ា ម៉ាត់តូ (Aaditya Mattoo) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទម្រង់និម្មិតមួយកាលពីថ្ងៃទី៣១ ខែមីនា នៅពេលដែលធនាគារនោះបានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកចុងក្រោយរបស់ខ្លួនថា ការទៅដល់នៃភ្ញៀវទេសចររបស់ប្រទេសថៃត្រូវបានគេព្យាករថានឹងកើនឡើងដល់ ២៧លាននាក់នៅក្នុងឆ្នាំ២០២៣ ដែលឈានដល់ស្មើនឹង ៦៨% នៃកម្រិតមុនពេលមានជំងឺរាតត្បាត ហើយត្រូវបានគេរំពឹងថា ចំនួនភ្ញៀវទេសចរបរទេសនោះនឹងកើនឡើងលឿន និងលើសពីកម្រិតមុនពេលមានជំងឺរាតត្បាតទៀតនៅក្នុងឆ្នាំ២០២៤។
លោក ម៉ាត់តូ បាននិយាយថា បើទោះបីជាអតិផរណារបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនៅតែមានកម្រិតខ្ពស់ជាងកម្រិតគោលដៅក៏ដោយ ក៏សម្ពាធអតិផរណាបានធូរស្រាលខ្លះហើយ។
លោកបានព្រមានអំពីបញ្ហាប្រឈមមួយចំនួនក្នុងស្រុក ដូចជាការកើនឡើងនៃកម្រិតបំណុលគ្រួសារ ការកើនឡើងនៃក្រុមមនុស្សវ័យចំណាស់ ការប្រមូលផ្តុំទុនវិនិយោគទាប និងការថយចុះនៃការប្រកួតប្រជែងការនាំចេញ ដែលអាចកម្រិតដល់កំណើនសក្តានុពលរបស់ប្រទេសថៃ ដោយលោកបានណែនាំឱ្យប្រទេសថៃធ្វើកំណែទម្រង់ស៊ីជម្រៅ ជាពិសេសក្នុងវិស័យសេវាកម្ម។
ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព លោក គៀទីពង្ស អារីយ៉ាព្រូជីយ៉ា (Kiatipong Ariyapruchya) សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ WB ប្រចាំប្រទេសថៃ បាននិយាយថា ក្រៅពីការរក្សាស្ថិរភាពសារពើពន្ធ និងនិរន្តរភាព ប្រទេសថៃត្រូវតែបើកចំហបន្ថែមទៀតនូវវិស័យសេវាកម្ម បង្កើនការវិនិយោគសម្រាប់ការបន្ស៊ាំអាកាសធាតុ និងលើកកម្ពស់កិច្ចការពារសង្គមសម្រាប់មនុស្សចាស់ និងជនក្រីក្រ៕
ប្រភព៖ ក្រសួងព័ត៌មាន