បរទេស៖ កាលពីថ្ងៃទី៣១ ខែមីនា នៅលើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ី លោក យ៉ាសុនណា ឡៅលី (Yasonna Laoly) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់រុស្ស៊ី លោក កូនស្ទែនទីន ជុយជេនកូ (Konstantin Chuychenko) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការធ្វើបត្យាប័ន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី យ៉ាសុនណា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌូណេស៊ី និងរុស្ស៊ី ព្រោះវាជួយដល់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជាឧក្រិដ្ឋកម្មសាយប័រ ការលាងលុយកខ្វក់ គ្រឿងញៀន និងអំពើពុករលួយជាដើម។
ពិធីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនោះ គឺធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនជាមួយបណ្តាប្រទេសជាមិត្ត។
ក្រុមអ្នកជំនាញនិយាយថា តាមភូមិសាស្រ្ត ទាំងប្រទេសឥណ្ឌូណេស៊ី និងរុស្ស៊ីមានតំបន់ធំៗ ដូច្នេះហើយពួកគេងាយស្រួលប្រើជាកន្លែងលាក់ខ្លួនសម្រាប់ឧក្រិដ្ឋជន។ ទោះបីជាការធ្វើមាតុភូមិនិវត្តន៍ជនល្មើសអាចសម្រេចបានតាមរយៈយន្តការនិរទេស និងបទប្បញ្ញត្តិអន្តោប្រវេសន៍ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការក្នុងការធ្វើបត្យាប័ននៅតែជាជម្រើសដ៏សំខាន់មួយ ពីព្រោះការធ្វើបត្យាប័នមានលក្ខណៈផ្លូវការ និងជាកាតព្វកិច្ច។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបត្យាប័ននោះ ធ្វើឡើងបន្ទាប់ពីភាពជោគជ័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងបទល្មើសព្រហ្មទណ្ឌរវាងប្រទេសទាំងពីរនៅទីក្រុងមូស្គូកាលពីក្នុងខែធ្នូ ឆ្នាំ២០១៩៕
ប្រភព៖ ក្រសួងព័ត៌មាន