បរទេស៖ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានធ្វើសេចក្តីលម្អិតជាសាធារណៈអំពីរបាយការណ៍របស់ខ្លួនស្តីពីការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងដោយប្រទេសកូរ៉េខាងជើង ដូចជាការប្រហារជីវិតជាសាធារណៈ និងការធ្វើទារុណកម្មជាដើម។
យោងតាមក្រសួងនោះបានឱ្យដឹងថា របាយការណ៍ដែលមាន ៤៥០ទំព័រដែលត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃសុក្រនេះត្រូវបានសរសេរដោយផ្អែកទៅលើករណីរំលោភសិទ្ធិមនុស្សប្រហែល ១.៦០០ករណី ដែលត្រូវបានផ្តល់សក្ខីកម្មដោយអ្នករត់ចោលស្រុកកូរ៉េខាងជើងចំនួន ៥០៨នាក់នៅចន្លោះពីឆ្នាំ២០១៧ និងឆ្នាំ២០២២។
វាជាលើកទីមួយហើយដែលរដ្ឋាភិបាលបានបើកជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីកំណត់ត្រាសិទ្ធិមនុស្សដ៏គួរឱ្យសង្វេគរបស់កូរ៉េខាងជើង ចាប់តាំងពីវាបានចាប់ផ្តើមព្រាងវានៅក្នុងឆ្នាំ២០១៨ ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងដែលបានអនុម័តនៅក្នុងឆ្នាំ២០១៦។
ក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េបាននិយាយថា «ការបោះពុម្ពរបាយការណ៍នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងក្នុងលក្ខណៈជាក់ស្តែង»។ របាយការណ៍នេះបាននិយាយថា សិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកូរ៉េខាងជើងហាក់ដូចជាត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារតែការប្រើប្រាស់អំណាច «បំពាន» របស់អាជ្ញាធរកូរ៉េខាងជើងសម្រាប់ការរំលោភសិទ្ធិមនុស្ស។
របាយការណ៍នេះបាននិយាយថា របបកូរ៉េខាងជើងបានប្រហារជីវិតមនុស្សយ៉ាងទូលំទូលាយ ហើយថែមទាំងអនុវត្តទោសប្រហារជីវិតសម្រាប់សកម្មភាពមួយចំនួន ដែលរួមមានទាំងការមើល និងផ្សព្វផ្សាយវីដេអូដែលផលិតក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាសកម្មភាពទាក់ទងនឹងសាសនា និងអបិយជំនឿផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន