បាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៥០នាទី នៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាំបិតផ្គាក់) មួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ប៉ែល សាវ៉ើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកកាំបិតផ្គាក់កាប់មកលើជនរងគ្រោះម្នាក់ឈ្មោះ បុង វណ្ណៈ ភេទប្រុស អាយុ ៤៣ឆ្នាំ (ត្រូវជាពូថ្លៃ) រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសត្រង់កខាងឆ្វេង (រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកថ្មគោល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបាន កាំបិតផ្គាក់ផ្លែដែកដងឈើចំនួន០១ ប្រវែង ៨០សង់ទីម៉ែត្រ ។ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់បានសារភាពថា មូលហេតុនៃអំពេីហិង្សារហូតឈានដល់ការប្រេីប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះនេះគឺដោយសារទំនាស់ពាក្យសម្តីនឹងគ្នា។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ