បរទេស៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ លោក អ៊ីតទីផុន ប៊ូនប្រាកុង (Ittiporn Boonpracong) បាននិយាយកាលពីថ្ងៃទី២១ ខែមីនា នៅមួយថ្ងៃបន្ទាប់ពីសភាត្រូវបានរំលាយថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជាសកលនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ។
កាលពីថ្ងៃទី២០ ខែឧសភា ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកុន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតជាសកលដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភា។
ក្រឹត្យនេះបានចូលជាធរមាននៅថ្ងៃដដែលនោះ។ យោងតាមរដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតត្រូវធ្វើឡើងនៅចន្លោះពី ៤៥ថ្ងៃទៅ ៦០ថ្ងៃបន្ទាប់ពីការរំលាយសភា។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha) បានស្ថិតនៅពីក្រោយគូប្រជែងការបោះឆ្នោតដ៏សំខាន់របស់លោក គឺលោកស្រី ពែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការស្ទង់មតិថ្មីមួយ៕
ប្រភព៖ ក្រសួងព័ត៌មាន