ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡា បាល់ទះលើឆ្នេរខ្សាច់ ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការ ងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសម្រាមមានដូចជាស្មៅ កម្ទេចឈើចេញពីលើទីលានប្រកួតឱ្យបានរៀបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួត។ ហើយនេះក៏ជាមោទនភាពដែលព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសនៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ការប្រកួតកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ក៏បានបង្ហាញសញ្ញាល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។ ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ យើងនឹងយកទីតាំងនេះសម្រាប់ឱ្យយុវជនរបស់យើងនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត ម្យ៉ាង ទៀតការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពជាចំបងសម្រាប់យុវជនរបស់យើង និងចៀសផុតពីការសេពគ្រឿងញៀន។
លោក ជ្រា ថាវរិទ្ធ ប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសី ហនុ បានឱ្យដឹងថា ការសម្អាតទីលានបាល់ទះនេះ យើងជីកកាយដី ០.៤០ម៉ែត្រ ចេញយកមកទុកដោយឡែក ក្នុងគោលបំណងរក្សាដីឱ្យវាស្ងួត រួចយើងចាប់ផ្តើមរែងដីយកស្មៅ និងកម្ទេចឈើចេញ រួចដាក់ចូលវិញជាសន្ទាប់ៗ ០.១០ម៉ែត្រម្តង និងចាក់បន្ថែមរហូតនៅសល់ ០.១០ម៉ែត្រមុខលើ យើងនឹងយកខ្សាច់សរដាក់មុខខាងលើ បន្ទាប់ពីការងារចាក់ខ្សាច់បំពេញរួចរាល់ យើងយកសំណាញ់រែងវាបន្តទៀត ដើម្បីឱ្យប្រាកដថា មិនមានកំទេចស្មៅ ឬឈើនៅក្នុងទីលានការប្រកួតរបស់យើងឱ្យបានស្អាត យើងនឹងនៅតែបន្តការពារទីតាំងនេះរហូតដល់ថ្ងៃប្រកួត មុនពេលប្រកួតយើងនឹងរៀបចំធ្វើការសម្អាតម្តងទៀត ដើម្បីឱ្យកម្រាស់ខ្សាច់ដែលយើងត្រូវក្រាលរួចធ្វើការប្រកួតកីឡានៅលើឆ្នេរខ្សាច់ឱ្យមានភាពទាក់ទាញ បន្ទាប់ មកយើងត្រូវប្រើរនាស់វែង ដើម្បីធ្វើការជ្រោយសម្អាតដី ថ្លឹងវាឱ្យរាបស្មើរសម្រាប់បំរើឱ្យការប្រកួតនៅពេលខាងមុខទទួលបានលទ្ធផលតាមការគ្រោងទុក។
លោកប្រធានការិយាល័យបចេ្ចកទេស បានបន្តឱ្យដឹងបន្ថែមថា ទីតាំងនេះយើងធ្វើ ៣តារាងប្រកួត ក្នុងតារាងប្រកួតនិមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះយើងទុកគន្លាត ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ៕
ប្រភព៖ ក្រសួងព័ត៌មាន