ប្រទេសរុស្ស៊ី និងចិន កំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធារួមគ្នា ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តយោធាទេ

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងចិន កំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដែលរួមមានទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ ប៉ុន្តែវាមិនមែនជាសម្ព័ន្ធមិត្តយោធាទេ។

នៅក្នុងបទសម្ភាសន៍មួយនៅលើប៉ុស្តិ៍ទូរទស្សន៍រ៉ូសស៊ីយ៉ា-២៤ នៅពេលដែលត្រូវបានសួរថា តើកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបង្កការគំរាមកំហែងដល់លោកខាងលិចដែរឬទេ លោកប្រធានាធិបតីបាននិយាយថា «ប្រាកដណាស់ថាវាមិនមែនជាការពិតទេ»។

លោក ពូទីន បាននិយាយថា «យើងមិនបានបង្កើតសម្ព័ន្ធភាពយោធាណាមួយជាមួយប្រទេសចិនទេ។ យើងមានកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ដោយយើងមិនមានការលាក់បាំងទេ ហើយវាមានតម្លាភាព និងមិនមានអ្វីជាសម្ងាត់ទេនៅទីនោះ»។

យោងតាមរូបលោកបានឱ្យដឹងថា ទីក្រុងមូស្គូក៏កំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងប៉េកាំង ដែលរួមមានទាំងសមយុទ្ធរួមគ្នាផងដែរ។ លោកប្រធានាធិបតីបាននិយាយថា យើងមិនមែនមានកិច្ចសហប្រតិបត្តិការយោធាតែជាមួយប្រទេសចិននោះទេ ប៉ុន្តែយើងក៏មានជាមួយនឹងប្រទេសផ្សេងៗទៀតផងដែរ។ យើងថែមទាំងកំពុងបន្តវារហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ បើទោះបីជាមានការវិវឌ្ឍនៅក្នុងតំបន់ដុនបាសស៍ តំបន់ហ្សាប៉ូរ៉ូហ្ស៊ី និងតំបន់ខឺរសុនក៏ដោយ។ យើងនៅតែបន្តវា ដោយវាទាំងអស់នោះមានតម្លាភាព ប៉ុន្តែវាមិនមែនជាសម្ព័ន្ធមិត្តយោធានោះទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន